ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រួលមុខងារ ពី ៣ចំណុច មក ៥ចំណុច រួមមាន៖ មុខងារទី១.ដឹកនាំ និងគ្រប់គ្រង​លើ​វិស័យ​វប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា, មុខងារទី២.ថែរក្សា ការពារ ជួសជុល ស្តារឡើងវិញនិងលើកតម្កើង​តម្លៃ​បេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌, មុខងារទី៣.​បណ្តុះ​បណ្តាលធនធានមនុស្ស និងរៀបចំយន្តការផ្ទេរចំណេះដឹងក្នុង​វិស័យសិល្បៈ វប្បធម៌ទាំងក្នុង និងក្រៅប្រព័ន្ធ កម្រិតបឋម មធ្យម រហូតដល់ឧត្តមសិក្សា និងជំនាញវិជ្ជាជីវៈ, មុខងារទី៤៖ ស្រាវជ្រាវ ចងក្រងឯកសារ ចុះបញ្ជីសារពើភណ្ឌ និងចាត់ថ្នាក់សម្បត្តិវប្បធម៌ ព្រមទាំងរៀបចំឯកសារចុះបេតិកភណ្ឌវប្បធម៌ជាតិក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ និងស្ថាប័នអន្តរជាតិនានា និងមុខងារទី៥.លើកកម្ពស់ការបង្កើតស្នាដៃច្នៃប្រឌិតនិងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងពង្រឹងការអនុវត្តសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រ​ហាក់​​ប្រហែល ដើម្បីកំណើនសេដ្ឋកិច្ច និងការងារ។

ប្រសាសន៍លើកឡើងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យ​ឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់​ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង២៥ រាជធានី-ខេត្ត។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ឈរលើមូលដ្ឋាននៃមុខងារស្នូលទាំង៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ ដែលបច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនសេចក្តីព្រាងអនុក្រឹត្យស្ដីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» ដើម្បីស្នើសុំការពិនិត្យផ្តល់យោបល់ពីក្រសួងមុខងារសាធារណៈ។”

សូមជម្រាបថា សិក្ខាសាលាននេះ រៀបចំឡើងដោយ ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner