ផ្ទុះមីនតោនបន្សល់ពីសម័យសង្គ្រាម ធ្វើអោយអ្នកបើកបរត្រាក់ទ័ររងរបួសជាទម្ងន់
(ខេត្តឧត្តរមានជ័យ)៖ តៃកុងត្រាក់ទ័រម្នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពីបានបើកត្រាក់ទ័រភ្ជួរដីចំការជាន់ចំមីនតោន១គ្រាប់ បណ្តាលអោយផ្ទុះលាន់កងរំពងឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅចំនុចអូរថ្ម ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។
សេចក្តីរាយការណ៍បានអោយដឹងថា នៅក្នុងហេតុការណ៍ផ្ទុះមីនតោន បន្សល់ពីសម័យសង្គ្រាមនោះ បានបណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ជុំវិញករណីនេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានលើកឡើងថា ថ្វីត្បិតសង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ នៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខែ្មរ ហេីយរាជរដ្ឋាភិបាល កំពុងតែបន្តខិតខំលុបបំបាត់សត្រូវជាឃាតករលាក់មុខទាំងនេះ៕
ដោយ ៖ ឡុង សំបូរ



