គ.ជ.ប បង្ហាញពីកិច្ចការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបើកកិច្ច ប្រជុំផ្សព្វផ្សាយមួយ ជាមួយភាគីពាក់ព័ន្ធស្តីពីការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.បបានថ្លែងនាព្រឹកថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាម ឃុំ សង្កាត់ ឆ្នាំនេះធ្វើឡើង រយៈពេល ២៦ថ្ងៃ ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថាសម្រាប់កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតពិតមែនតែឆ្នាំ២០២៥ នេះ ពុំមានការៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និង ប្រតិទិនដែលបានកំណត់។
ឯកឧត្តម ឌឹម សុវណ្ណារុំ បានថ្លែងដែរថាសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានា ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនិងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ។សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានា ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនិងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ។
ឯកឧត្តម បញ្ជាក់បន្ថែមថា ៖ សម្រាប់អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំង ប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ មាន គណបក្សនយោបាយ ចំនួន ៥ បានធ្វើការផ្ទេរសិទ្ធិជូនតំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ (ទ.១០០៧) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសន្តិភាពជាតិ និងគណបក្សឯកភាពជាតិខ្មែរ៕




ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រី សម្បត្តិ