កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង ។
លោកជំទាវអគ្គលេខាធិការរងទី១ មានប្រសាសន៍ថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ដែលមានប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ» ។
លោកជំទាវបន្តថា មូលហេតុនៃយុទ្ធនាការការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា គឺជាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយទន្ទឹមនឹងនោះ ក្នុងយុទ្ធនាការនេះជាឱកាសក្នុងការស្វែងរកមូលនិធិផងដែរ ហើយក៏ជាឱកាសដើម្បីរំលេចអំពីខួបលើកទី៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។
នៅក្នុងឱកាសនេះ យើងអំពាវជាបន្តទៅទៀតដើម្បីឱ្យសប្បុរសជនបរិច្ចាគទៅតាមសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា ទទួលបានមូលនិធិសម្រាប់ប្រតិបត្តិការមនុស្សធម៌ ឱ្យសមស្របជាមួយប្រធានបទរបស់យើងដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុ ។
លោកជំទាវបានគូសបញ្ជាក់បន្ថែមថា «នៅពេលនេះកាកបាទក្រហមកម្ពុជាកំពុងមមាញឹក នៅក្នុងការផ្សព្វផ្សាយ ហើយអ្វីដែលយើងលើកកម្ពស់ គឺទី១,យើងមានការបណ្តុះបណ្តាលទៅដល់ក្លឹបយុវជនតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ , ទី២ គឺការផ្សព្វផ្សាយនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែអ្វីដែលយើងផ្តល់ការណែនាំដល់សាខា២៥រាជធានីខេត្ត ហើយឱ្យសាខានីមួយៗបន្តធ្វើការផ្សព្វផ្សាយបន្តទៅដល់អនុសាខា ធ្វើយ៉ាងណាសកម្មភាពនេះ មិនត្រឹមតែក្នុងយុទ្ធនាការ ៨ឧសភា ដើម្បីរកមូលនិធិនោះទេ ប៉ុន្តែក៏ជាសកម្មភាពមួយនិងបន្តជាអចិន្ត្រៃយ៍រហូត ហើយនៅក្នុងនោះសម្រាប់សាខាទាំង២៥រាជធានីខេត្តគឺយើងមានគម្រោងនឹងធ្វើការបណ្តុះបណ្តាលខ្លឹមសារទាំងនេះទៅតាមប្រព័ន្ធអនឡាញផងដែរ ៕





ដោយ / គ្រី សម្បត្តិ