អាមេរិក វាយលុកយេម៉ែន ៨០០ លើក សម្លាប់ក្រុមហ៊ូទីជាង ១០០ នាក់
វ៉ាស៊ីនតោន ៖ យោធាអាមេរិកនៅថ្ងៃអាទិត្យ បានអះអាងវាយលុកជាង ៨០០ គោលដៅនៅយេម៉ែន ចាប់តាំងពីថ្ងទី១៥ ខែមីនា ផ្តាច់ជីវិតក្រុមហ៊ូទីរាប់រយនាក់ រួមទាំងមេដឹកនាំក្រុមឧទ្ទាមនេះ។
ទីបញ្ជាការយោអាមេរិក USCENTCOM និយាយថា ការវាយប្រហារទាំងនោះ បានបំផ្លាញទីតាំងបញ្ជាការ និងគ្រប់គ្រង, ប្រព័ន្ធការពារដែនអាកាស ទីតាំងផលិត និងផ្ទុកអាវុធទំនើបៗរបស់ក្រុមហ៊ូទី។
បើតាមទីបញ្ជាការយោអាមេរិក ប្រតិបត្តិការរបស់យើងបានបន្ថយល្បឿនការវាយប្រហាររបស់ក្រុមហ៊ូទី ក្នុងនោះការបាញ់មីស៊ីលផ្លោងធ្លាក់ចុះ ៦៩ ភាគរយ និង ការវាយប្រហារដោយយន្តហោះដ្រូនថយចុះ ៥៥ ភាគរយ។
យោធាអាមេរិកនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានវាយលុកតាមផ្លូវអាកាសលើក្រុមហ៊ូទី ស្ទើររាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែមីនា នៅក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា “Rough Rider”។
ប្រតិបត្តិការនោះ ធ្វើឡើងមានគោលបំណងបញ្ឈប់ការគំរាមកំហែងរបស់ពួកហ៊ូទី ចំពោះនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាពិសេសបង្កើនការការពារក្នុងតំបន់ឡើងវិញ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


