ឥណ្ឌាធ្វើសមយុទ្ធចំពេលតានតឹងជាមួយប៉ាគីស្ថាន
បរទេស ៖ កងទ័ពជើងទឹកឥណ្ឌាបានផ្សព្វផ្សាយវីដេអូ នៃការធ្វើសមយុទ្ធយោធា ចំពេលដែលមានភាពតានតឹង ជាមួយប៉ាគីស្ថាន។
វីដេអូដែលចេញផ្សាយ ដោយកងទ័ពជើងទឹកឥណ្ឌា កាលពីថ្ងៃអាទិត្យ ត្រូវបានគេរាយការណ៍ថា បង្ហាញពីកាំជ្រួច ប្រឆាំងនាវាជាច្រើនគ្រឿង ដែលត្រូវបានបាញ់ចេញ។ កងទ័ពជើងទឹកឥណ្ឌា បានអះអាងថា ខ្លួនបានធ្វើសមយុទ្ធនេះ ដើម្បី ធ្វើឱ្យមានសុពលភាពឡើងវិញ និងបង្ហាញពីការត្រៀមខ្លួនជាស្រេច នៃវេទិកាប្រព័ន្ធនិងនាវិកសម្រាប់ការវាយលុក ដ៏ជាក់លាក់ រយៈចម្ងាយឆ្ងាយ។
ប៉ុន្តែ កងទ័ពឥណ្ឌា មិនបានបញ្ជាក់លម្អិត ពីទីកន្លែងដែលសមយុទ្ធនេះ បានកើតឡើងឡើយ។ កាសែត AFP មិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ឬ ទីតាំង កាលបរិច្ឆេទ និងខ្លឹមសារនៃរូបភាពទាំងនេះ ដោយឯករាជ្យ បានទេ។
ជម្លោះប្រដាប់អាវុធ រវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានផ្ទុះឡើងវិញ ក្រោយពេល ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” បន្ទាប់ពីខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិល នៅតំបន់កាស្មៀរ កាលពីសប្តាហ៍មុន សម្លាប់អ្នកទេសចរ ចំនួន២៦នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
