ស្ថានទូតបារាំង ប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រំលឹកថ្ងៃ​ចង​ចាំទាក់​ទងនឹងរបបខ្មែរក្រហម

ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជា​ច្រើន​ថ្ងៃក្នុងខែឧសភា រហូតដល់ខែសីហាខាងមុខ ក្នុងនោះ​មាន​ទាំងការ​បញ្ចាំងខ្សែភាពយន្តផងទាក់​ទងនឹងប្រទេសកម្ពុជា​កាល​អំឡុងនៅ​ក្រោម​របបខ្មែរក្រហមនា​ចន្លោះ​ឆ្នាំ១៩៧៥​ដល់ឆ្នាំ១៩៧៩ ។គេអាច​ចងចាំបានថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរ​ក្រហម​បានទទួលជ័យជម្នះក្នុង​ការផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ របបកម្ពុជាប្រជាធិបតេយ្យដែលបង្កើតដោយខ្មែរក្រហមបានជម្លៀសប្រជាជនចេញ​ពីទៅក្រុង និង​បង្កើតវាលពិឃាតទូទាំងប្រទេស។ក្នុងខែឧសភាខាងមុខនេះដែរ សម្រាប់កម្ពុជានឹងមានព្រឹត្តិការណ៍ជា
ប្រវត្តិសាស្រ្តមួយគឺ “ទិវាជាតិនៃការចងចាំ២០ឧសភា”។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងថ្មីៗនេះបានគូសរំលេចថា កាលពី៥០ឆ្នាំមុន ក្រោយសង្គ្រាម​ស៊ីវិល​ជា​ច្រើនឆ្នាំ ខ្មែរ​ក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ដោយជម្លៀសប្រជាពលរដ្ឋ​ទាំងអស់ចេញពីទីក្រុងនេះ។ ស្ថានទូត​បារាំងបានក្លាយជាទីជម្រក​សម្រាប់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជាជាច្រើនរយនាក់។ ក្នុងរយៈពេលជាងពីរសប្តាហ៍ ស្ថានទូតគឺជាកន្លែងហ៊ុមព័ទ្ធមួយដែល​មានជោគវាសនាដ៏សោកសង្រេង ជាមួយការចាកចេញរបស់​ប្រជាពលរដ្ឋ​កម្ពុជា និងបន្ទាប់មកការជម្លៀសជនបរទេសទៅកាន់​ប្រទេសថៃ។

ស្ថានទូតបារាំងបានបន្ថែមថា ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និង​ដើម្បីរក្សាការចងចាំអំពីព្រឹត្តិការណ៍ទាំងនេះ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍មានដូចជា ចាប់ពីថ្ងៃទី០៦ ខែឧសភា៖ ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរ​ក្រហម¬ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» នឹងបង្ហាញពី​ព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្ម រួមទាំងឯកសារ បណ្ណសារសោត​ទស្សន៍ ក្នុងនោះមានបណ្ណសារ​របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំងផងដែរ។

នៅថ្ងៃពុធ ទី៧ ខែឧសភានឹងវេទិកាពិភាក្សាជាមួយសាធារណជន ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neve។ បុគ្គលទាំង​ពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។

ចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃ២៣ ខែសីហា វិទ្យាស្ថានបារាំង​នៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និងភាពយន្តឯកសារ​ប្រមាណ១២រឿង ដែលផ្តោតលើប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោម​របបខ្មែរក្រហម។

គប្បីជម្រាបជូនផងដែរថា ក្នុងខែឧសភា រាជរដ្ឋាភិបាលតែងប្រារព្ធ​ទិវាជាតិនៃការចងចាំ ២០ ឧសភា ។ថ្ងៃ ២០ ឧសភា​ជាថ្ងៃប្រជា​ជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិ​ប​តេយ្យ ឬហៅថារបប​ប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅ​ងងឹត។ ទិវានេះ ជាការរំលឹកដល់​វិញ្ញាណក្ខន្ធដល់​ជនរងគ្រោះ​ជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់​ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពល​រដ្ឋខ្មែរ​បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញ​ពីទីលំនៅ​របស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់​ដោយ​គ្មានថ្នាំសង្កូវ​ព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែ​សិទ្ធិរស់រានមានជីវិត​ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា​តែងអំពាវនាវ និងក្រើនរំលឹកជា​រឿយៗ​ថា”ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារ​សន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner