អាជ្ញាធររាជធានីភ្នំពេញ ដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងបុរីVIP ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់
(ភ្នំពេញ)៖ អនុវត្តតាមការយកចិត្តទុកដាក់គិតគូរពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ មេសា២០២៥ បានចាត់ឱ្យ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣ថ្ងៃមកហើយ។
លោក ឆាយ វីរៈ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះតាមពិតទៅ កន្លងមកមានអ្នកផ្គត់ផ្គង់ទឹកនៅទីនេះហើយ ក៏ប៉ុន្តែតំបន់នេះនៅមិនទាន់មានទឹកស្អាតប្រើប្រាស់ទេប្រើទឹកអណ្ដូងតែមិនទាន់គ្រប់គ្រាន់ ទើបយើងជួយបំពេញបន្ថែម ជួយពួកគាត់ដើម្បីបន្តចែកចាយទៅប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតបានប្រើប្រាស់។ការងារនេះយើងនឹងបន្តផ្គត់ផ្គង់រហូតដល់ពួកគាត់មានទឹកប្រាស់ប្រាស់គ្រប់គ្រាន់ ទើបយើងបញ្ឈប់ការផ្គត់ផ្គង់ជាបណ្តោះអាសន្ន ។
ក្រោយមានការដឹកទឹកស្អាតយកទៅចែកជូនពួកគាត់ប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកទឹកចែកជូនប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកប្រើប្រាស់និងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ






