នគរបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ពលរដ្ឋ ដែលដាក់ឯកសារពាក់ព័ន្ធទៅរៀន និងធ្វើការនៅកូរ៉េ រង់ចាំមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌ
(ភ្នំពេញ)៖ មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលដាក់ឯកសារពាក់ព័ន្ធទៅរៀន និងធ្វើការនៅកូរ៉េ រង់ចាំមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌ ។
យោងតាមការជូនដំណឹងរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញារងទទួលបន្ទុកការងារដឹកនាំ និងសម្របសម្រួលលើសកម្មភាពរបស់មន្រ្តី និងភ្នាក់ងារនគរបាលយុត្តិធម៌នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មន្ត្រីនគរបាលខណ្ឌឫស្សឹកែវ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានឯកសារពាក់ព័ន្ធដាក់ឱ្យក្រុមហ៊ុន ភី វ៉ាយ អូ អេស អេ. គ្លូប៊ល រៀបចំឯកសារទៅរៀន និងធ្វើការនៅប្រទេសកូរ៉េ រូមមានដូចជា៖ លិខិតឆ្លងដែន, សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ និងសញ្ញាបត្រ សូមមេត្តារង់ចាំមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារស្រង់ឈ្មោះរួចរាល់ ។
ក្រុមការងារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នឹងផ្សព្វផ្សាយជូនដំណឹងឱ្យបងប្អូនជ្រាប និងត្រួតពិនិត្យបញ្ជីឈ្មោះ នៅលើផេក “អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ” ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ មកទទួលឯកសារ ពុំមានគិតប្រាក់ឡើយ ។
បច្ចុប្បន្ន ជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត ត្រូវបានឃាត់ខ្លួន និងកសាងនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
សម្រាប់ទូរស័ព្ទទំនាក់ទំនងក្រុមការងាររួមមាន ៖ អធិការរងដឹកនាំផែនការងារនគរបាលយុត្តិធម៌ លេខ 017 400 033, នាយផ្នែកនគរបាលយុត្តិធម៌ លេខ 093 788 000 ។ អាសយដ្ឋានៈ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕
ដោយ ៖ វណ្ណលុក



