ប្រជាប្រិយភាពលោក Trump ក្នុងពេល ១០០ ថ្ងៃដំបូង ទាបជាងប្រធានាធិបតីអាមេរិកទាំងអស់
វ៉ាស៊ីនតោន ៖ ផ្អែកតាមការស្ទង់មតិថ្មីរបស់សារព័ត៌មាន CNN ដែលធ្វើឡើងដោយស្ថាប័នស្រាវជ្រាវ SSRS បានបង្ហាញថា ប្រជាប្រិយភាពរបស់លោក ត្រាំ មានត្រឹម ៤១ ភាគរយប៉ុណ្ណោះ ពោលគឺទាបបំផុតក្នុងចំណោមប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីទាំងអស់ក្នុងពេល ១០០ ថ្ងៃរបស់សហរដ្ឋអាមេរិក ក្នុងពេល ៧ ទសវត្សរ៍ រួមទាំងអាណត្តិដំបូងរបស់លោក ត្រាំ ផងដែរ។
ការគាំទ្រលើការគ្រប់គ្រងរបស់លោក ត្រាំ សម្រាប់តំណែងប្រធានាធិបតីបានធ្លាក់ចុះ ៤ ពិន្ទុ ចាប់តាំងពីខែមីនា ហើយ ៧ ពិន្ទុទាបជាងកាលពីចុងខែកុម្ភៈ។ ហើយមានតែ ២២ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេពេញចិត្តខ្លាំងចំពោះការចាត់ចែងការងាររបស់លោក ត្រាំ ជាកម្រិតទាបថ្មីមួយ ហើយប្រហែល ៤៥ ភាគរយនិយាយថា ពួកគេមិនពេញចិត្តលោក ត្រាំ ជាខ្លាំង។
ចាប់តាំងពីខែមីនាមក ប្រជាប្រិយភាពរបស់លោក ត្រាំ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងចំណោមស្ត្រី និងជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញធ្លាក់ចុះ ៧ ពិន្ទុក្នុងក្រុមនីមួយៗ ពោលគឺ ៣៦ ភាគរយក្នុងចំណោមស្ត្រី និង ២៨ ភាគរយ ក្នុងចំណោមជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញ។
ការគាំទ្រលោក ត្រាំ លើបញ្ហាសេដ្ឋកិច្ចបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមខែមីនា ដោយសារការដាក់ចេញផែនការពន្ធរបស់លោក ធ្វើឱ្យប្រែប្រួលទីផ្សារភាគហ៊ុន និង ការព្រួយបារម្ភកើនឡើងតម្លៃទំនិញលើទីផ្សារ។ ចំពោះអតិផរណាវិញ ប្រជាប្រិយភាពលោក ត្រាំ បានធ្លាក់ចុះ ៩ ពិន្ទុ ឬ ៣៥ ភាគរយ ហើយគោលនយោបាយពន្ធរបស់លោកវិញ ធ្លាក់ចុះ ៤ ពិន្ទុ ឬ ៣៥ ភាគរយដូចគ្នា។ រីឯពិន្ទុរបស់លោក ត្រាំ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចវិញ បានធ្លាក់ចុះ ៥ ពិន្ទុ ឬ ៣៩ ភាគរយ ជាកម្រិតដ៏ទាប។
ទោះជាយ៉ាងណា ប្រជាប្រិយភាពក្នុងបក្សកាន់អំណាចរបស់លោក ត្រាំ គឺបក្សសាធារណៈរដ្ឋនៅតែខ្ពស់ដដែល ក្នុងកម្រិត ៨៦ ភាគរយ ខណៈដែល ៩៣ ភាគរយនៃបក្សប្រជាធិបតេយ្យមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ត្រាំ៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
