មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់ប្រាក់រៀលនៅក្នុង​ខេត្ត​តាកែវមានរហូតដល់ ៨៥ ភាគរយ

តាកែវ៖ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ធបាគង និងខេ​អេចឃ្យូអរ «KHQR» កាលពីព្រឹកថ្ងៃពុធទី ៣០ ខែ មេសា ឆ្នាំ ២០២៥ នៅសួន​ច្បារតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម យឹម លាត ទេសាភិបាល​រងធនាគារ​ជាតិនៃ​កម្ពុជា បានថ្លែងឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលនៅក្នុងខេត្តតាកែវមាន​រហូតដល់ ៨៥ ភាគរយ។

ឯកឧត្តមបានថ្លែងបន្តថា បើយោងតាមកិច្ចសហការអង្កេតរបស់ធនាគារជាតិ​នៃកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិកា​រអន្តរជាតិជប៉ុន ឬចៃកា (JICA) បានបង្ហាញថា ប្រាក់រៀលត្រូវបានទទួលការទុកចិត្ត និងប្រើប្រាស់កាន់តែច្រើន​នៅក្នុង​ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ។ដោយឡែកសម្រាប់ខេត្តតាកែវ ទិន្នន័យ​ស្រាវជ្រាវបានបង្ហាញថា ជាមធ្យម​ការប្រើប្រាស់ប្រាក់រៀលលើការចំណាយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ មានចំនួនរហូតដល់ ៨៥ ភាគរយ ដែលទិន្នន័យនេះបានបង្ហាញពីការ​ចូលរួម​លើកកម្ពស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋ​ខេត្តតាកែវ។

ឯកឧត្តមទេសាភិបាលរង ក៏បានលើកឡើងពីប្រព័ន្ធទូទាត់បាគង ខេអេចឃ្យូអរ «KHQR» ដែលមានភាពងាយ​ស្រួលក្នុង​ការប្រតិបត្តិការឌីជីថល ទូទាត់ និង​ផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ រួមមានប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសចិនបានខ្លះដែរ ។នៅពេលខាងមុខ ធនាគារជាតិនៃ​កម្ពុជានឹងដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើបបាគងសម្រាប់ភ្ញៀវទេសចរ (Bakong Tourists App) ដែលមានភាពងាយ​ស្រួលដល់ភ្ញៀវទេសចរ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ចាត់ទុក​យុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ នៅក្នុង​ខេត្តតាកែវនៅពេលនេះ នឹងជំរុញការចូលរួមប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន​ឡើងថែមទៀត សំដៅលើកកម្ពស់មុខមាត់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត​ឱ្យកាន់តែរីកចម្រើនឡើងមួយកម្រិតទៀត៕
ដោយ៖សាំងសារ៉ាវី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner