សៀមរាបអាចក្លាយជាគន្លងទេសចរកីឡាអេឡិចត្រូនិកថ្មីក្នុងតំបន់

សៀមរាប៖ក្រុមហ៊ុន អ៊ីស្ពត ហូលឌីង (Esport Holding) មកពីប្រទេសកូរ៉េ កំពុងស្វែងរកឱកាសវិនិយោគវិស័យ​កីឡា​អេឡិចត្រូនិក (E-sport) នៅកម្ពុជា។ពិសេសនៅខេត្តសៀមរាប ដែលជាខេត្តមេដែកនៃទេសចរចម្រុះ ។

នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីក្រុមហ៊ុន អ៊ីស្ពត ហូលឌីង (Esport Holding)បានជួបពិភាក្សាការងារ​ជាមួយអាជ្ញាធរខេត្តអំពីការសិក្សាទីតាំងដីសម្រាប់បង្កើតគម្រោងវិនិយោគថ្មីមួយ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តា​ប្រទេសធំៗមួយចំនួន ក្រុមហ៊ុនមាន​បំណង​ពង្រីកដំណើរការលេងកីឡាប្រភេទ​ថ្មីនេះមកកាន់កម្ពុជា។នៅក្នុងគម្រោងដំបូង ក្រុមហ៊ុនបានសម្លឹង​ទៅលើទីតាំង​ពីរ គឺ រាជធានីភ្នំពេញ និងខេត្តសៀមរាប ជាគន្លងសំខាន់សម្រាប់ការវិនិយោគ។

តំណាងក្រុមហ៊ុនបានអះអាងថា កីឡា E-sport មិនមែនជាការលេងល្បែង​សាមញ្ញនោះទេ ប៉ុន្តែជាប្រភេទកីឡាដែល​ទាមទារ​ការហ្វឹកហាត់យ៉ាងតឹងរឹង ដូចជាកីឡាផ្សេងៗទៀត។ ទោះបីជាវាជាប្រភេទកីឡាថ្មី ប៉ុន្តែវាបានទទួលការ​ទទួល​ស្គាល់ជាសកល ហើយត្រូវបានដាក់បញ្ចូលជាវិញ្ញាសាផ្លូវការនៅ​ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិមួយចំនួន។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ​ជ្រើសរើសខេត្តសៀមរាបជាទីតាំងវិនិយោគ ព្រម​ទាំងបង្ហាញអំពីសក្តានុពល​នានាដែលអាចជួយសម្រួលដល់ក្រុមហ៊ុននានា រួមទាំងអាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប-អង្គរ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងនៅពេលអនាគត។

លោកក៏បានសង្ឃឹមថា ការចូលរួមរបស់វិស័យឯកជនក្នុងដំណើរការនេះ នឹងជួយលើកកម្ពស់វិស័យទេសចរណ៍កីឡា អាច​ទាក់ទាញកីឡាករនិង​ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើន។ បើទោះបីជាមានឱកាស​ដ៏ល្អនេះក្តី ​លោកក៏បាន​ជំរុញឱ្យ​ភាគីវិនិយោគគោរពតាមច្បាប់និង​បទដ្ឋានគតិយុត្តរបស់កម្ពុជា។

សូមជម្រាបថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ហើយទទួលស្គាល់​ដោយ​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា។ សហព័ន្ធនេះជាសមាជិកពេញ​សិទ្ធិរបស់​សហព័ន្ធអន្តរជាតិ​ដូចជា សហព័ន្ធអាស៊ីអាគ្នេយ៍ សហព័ន្ធអាស៊ី និង​សហព័ន្ធអន្តរជាតិ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner