រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំពិភាក្សាអំពីសក្តានុពលក្នុងការអនុវត្តគម្រោងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ
បន្ទាយមានជ័យ៖នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរពាក់ព័ន្ធកាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២៥បានបើកកិច្ចប្រជុំពិភាក្សាអំពីសក្តានុពលក្នុងការអនុវត្តគម្រោងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ក្នុងនោះបញ្ហាទឹកជំនន់ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កិច្ចប្រជុំនេះសំដៅអនុវត្តផែនការយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់ ដើម្បីធានាជនដែលងាយរងគ្រោះបំផុតទទួលបានការការពារ និងគាំទ្រប្រកបដោយសុវត្ថិភាព និងទទួលបានជំនួយសង្គ្រោះដើម្បីបំពេញនូវការខ្វះខាតជីវភាពប្រចាំថ្ងៃ និង ដើម្បីកសាងជីវភាពរស់នៅរបស់ពួកគេប្រកបដោយនិរន្តរភាពពីផលប៉ះពាល់គ្រោះទឹកជំនន់ ។

លទ្ធផលនៃកិច្ចពិភាក្សានេះ គ្រួសារដែលងាយរងគ្រោះដោយទឹកជំនន់ទាំងអស់ទទួលបានការជួយពីក្រុមការងារក្នុងការជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពគ្រាមានអាសន្នទឹកជំនន់ក៏ដូចជាទទួលបានការការពារសុវត្ថិភាពពីហានិភ័យនានាផងដែរ។ ម៉្យាងវិញទៀតនោះ ការរស់នៅនេះក៏ទទួលបានជម្រកសមរម្យមានសុវត្ថិភាព មានទឹកស្អាតប្រើប្រាស់ និងផ្ដល់នូវអាហារ សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ជាមួយការគិតគូសុខភាពបឋមដល់ជនរងគ្រោះទឹកជំនន់ឬគ្រោះធម្មជាតិនានាផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានគាំទ្រលើកទឹកចិត្តដល់អង្គការដៃគូ សប្បុរសជន និងក្រុមការងារគ្រោះមហន្តរាយធម្មជាតិដែលបានចូលរួមអនុវត្តបាននូវផែនការយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់លើដំណោះស្រាយគ្រោះទឹកជំនន់ឬគ្រោះធម្មជាតិនានានៅក្នុងខេត្តបន្ទាយមានជ័យ ៕

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានរំលឹកថា ខេត្តបន្ទាយមានជ័យ បានជួបប្រទះនូវគ្រោះមហន្តរាយធំៗជាច្រើនដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងទឹកជំនន់កើតមានឡើងជាបន្តបន្ទាប់ស្ទើររៀងរាល់ឆ្នាំ ដែលបានរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ជាដើម។ដោយសារគ្រោះមហន្តរាយធម្មជាតិទាំងអស់នេះហើយបានផ្ដល់បទពិសោធន៍គ្រប់គ្រាន់ឱ្យក្រុមការងាកំណត់នូវយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់ធានាដល់ជនដែលរងគ្រោះពីធម្មជាតិពិសេសទឹកជំនន់ ប្រកបដោយសុវត្ថិភាព៕
ដោយ៖ គៀន ច័ន្ទហ៊ីន
