ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាំអំណោយទៅចែកជូនរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា កាកបាទ​ក្រហម​ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩ ខែមេសា បានអញ្ជើញ​ជួបសំណេះ​សំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់​កន្លង​ទៅថ្មីៗនេះ និងចែកជូននូវអំណោយមនុស្សធម៌ផ្តល់ជូនចំនួន១៦គ្រួសារ នៅស្រុកភ្នំស្រុក និង៤គ្រួសារទៀតនៅ​ស្រុកព្រះនេត្រព្រះ។

ក្នុងឱកាសនេះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា រាល់សម្ភារៈអំណោយ​និងថវិកា​ដែលបានចុះមកផ្តល់ជូនដល់បងប្អូន​ដែល​រងផលប៉ះពាល់នាពេលនេះគឺបាន​មកពីការអំពាវនាវកៀងគរ ពីសប្បុរសជននានា តាមរយៈកាកបាទក្រហមខេត្ត សម្រាប់​បំពេញបេសកកម្មមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះនិងការ​ផ្តល់​អំណោយមនុស្សធម៌នេះ​ដោយមិន​ប្រកាន់ពូជ​សាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ ។

ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមប្រតិ​បត្តិសាខា​អនុសាសន៍ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ ទាំងសមត្ថភាព ទាំងធនធានបានធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេល​វេលាភ្លាមៗ ៕

សូមជម្រាបថា អំណោយមាន អង្ករ មី ត្រីខ ទឹកត្រី ឃីតមួយកញ្ចប់ និងថវិកាមួយចំនួន៕
ដោយ៖ឃិន គន្ធា

ads banner