ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបចូលកាន់តំណែងជាផ្លូវការ
កែប៖លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ជំនួសលោក ម៉ម ទូច ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងថ្មីជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត។ចំណែកប្រធានមន្ទីរខេត្តកំពតត្រូវបានផ្ទេរទៅកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ខណៈពិធីប្រកាសជាផ្លូវការបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបកាលពីព្រឹកថ្ងែទី៣០ ខែមេសា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តកែប។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យលោកប្រធានមន្ទីរថ្មី បន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលនឹងដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

ឯកឧត្តមបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ ព្រមទាំងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ ទាំងនៅលើការងារគ្រប់គ្រងទូទៅ ការងារសាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អរប្រសើរឡើងថែមទៀត។
ដោយ៖ សិលា សារិន

