សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងមានទីស្នាក់ការថ្មីប្រណិត

កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីត​យុទ្ធជន​កម្ពុជាកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​បានអញ្ជើញជាអធិបតី​ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទី​ស្នាក់ការ​សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ដោយការអញ្ជើញ​ចូល​រួមពី​ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធាន​កិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំផង​ឧត្តម​សេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ជម្រាបគណៈអធិបតី​អំពីស្ថាន​ភាពអតីត​យុទ្ធជន​ខេត្តកំពង់ធំ​ចំនួនជាង ៤ ០០០ នាក់ កំពុងទទួលបានការយក​ចិត្តទុកដាក់មើលថែ ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត និង​ស្ថាប័នពាក់ព័ន្ធ ដែលបាន​ចូល​រួមជួយដោះស្រាយការផ្តល់ដីសម្រាប់សាងសង់ទីស្នាក់ការ និងកោតសរសើរ​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ ដែល​បានខិតខំបម្រើអតីតយុទ្ធជនយ៉ាងសកម្ម។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធ​ជន​កម្ពុជា ដែលបានសម្រេចឱ្យ​មានការ​បង្កើត​ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាថ្មីនៅគ្រប់រាជធានី ខេត្ត។

សូមជម្រាបទីស្នាក់ការថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជាដែលត្រូវសាងសង់មានទំហំ ៣១៨.១៣ ម៉ែត្រការ៉េ ,​សង់ដោយបេតុង ប្រក់ក្បឿង ,មានបន្ទប់ចំនួន ៧ បន្ទប់ ,ចំណាយសម្រាប់ការសាងសង់ជាង ១០ម៉ឺនដុល្លារអាមេរិក និងចំណាយការចាក់ដីបំពេញទីធ្លាសម្រាប់សាងសង់ចំនួនជាង៣៣លានរៀល៕

ដោយ៖ប៊ុនរដ្ឋា

ads banner