មន្ត្រីពីរក្រសួងអញ្ជើញសាកសួរសុខទុក្ខជនមានពិការភាពភ្នែក ដែលប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅខេត្តបាត់​ដំបង

បាត់ដំបង៖ បង្ហាញពីការយកចិត្តទុកដាក់ មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ
សម្បទា បាន​អញ្ជើញជួបសាកសួរសុខទុក្ខ ដល់ជនមានពិការភាពភ្នែកដែលកំពុងតែប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅ​ក្នុងខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះនាបរិវេណមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបងក្រោម​​អធិបតីភាពលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ។

លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តបាត់ដំបងបានរាយការណ៍ជូនអំពីវឌ្ឍភាព​ការងា​ររបស់មន្ទីរដែលបានអនុវត្តក្នុងឆ្នាំ២០២៥រួមមាន ដូចជាការងារអភិវឌ្ឍសុខមាលភាពសម្រាប់ជនរងគ្រោះ និងងាយ​រងគ្រោះ និងកិច្ចការគ្រួសារ, ការងារសុខុមាលភាពជនពិការ, ការងារស្ដារនីតិសម្បទាអនីតិជននិងការងារអភិវឌ្ឍសុខុមាល​ភាពមនុស្សចាស់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាប តូ បានឱ្យដឹងថា កន្លងមកសមាគមតន្រ្តីសំនៀងជនពិការ បានបើកវគ្គបណ្ដុះ​បណ្ដាល​ផ្នែកម៉ាស្សាជូនដល់បងប្អូនជនមានពិការភាពជាច្រើននាក់។ក្នុងពេលខាងមុខក្រសួងសង្គមកិច្ច និង ក្រសួង​ទេសចរណ៍សហការជាមួយសមាគមតន្រ្តីសំនៀងជនពិការ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលផ្នែកវិក្រឹត្យការសុខុមាលភាព ផ្នែកម៉ាស្សានិងស្ប៉ា ជូនដល់ជនមានពិការភាពជាលក្ខណៈកម្រិតអាស៊ាន និងដើម្បីជួយបង្កើននូវសមត្ថភាពជំនាញ​ដល់ជនមានពិការភាព ពិសេសធ្វើយ៉ាងណាឱ្យជនមានពិការភាព កាន់តែមានសមត្ថភាពកាន់តែខ្លាំងនិងមាន​ការទទួល​ស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។

ចំណែកលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកទឹកចិត្តដល់បងប្អូនមានពិការភាពភ្នែក ដែលកំពុងតែប្រកបមុខរបរផ្នែកម៉ាស្សាចូលរួមរៀនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកប​ការងារ និងអាជីពមុខរបរទ្រទ្រង់ជីវភាពក្រុមគ្រួសារ។

ក្រោយបញ្ចប់ពិធីសំណេះសំណាលជាមួយបងប្អូនជនមានពិការភាពភ្នែក ថ្នាក់ដឹកនាំ និងក្រុមការងារ បានផ្ដល់នូវ​អំណោយ​ជាថវិកាមួយចំនួនផងដែរ ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner