គ្រួសារងាយរងគ្រោះចំនួន ១២២គ្រួសារ នៅស្រុកភ្នំព្រឹក បានទទួលអំណោយពីកាកបាទក្រហមខេត្តបាត់ដំបង
បាត់ដំបងប្រជាពលរដ្ឋចំនួន១២២គ្រួសារក្នុងនោះប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតខ្លាំងចាស់ជរា ជនមានពិការភាព កុមារកំព្រា និងអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន ១០០គ្រួសារ មកពី៤៥ភូមិ នៃឃុំចំនួន៥ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ២២គ្រួសារ មកពីភូមិចំនួន៣ នៃឃុំបួរនិងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងសប្ដាហ៍នេះបានទទួលបានអំណោយមនុស្សធម៌ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង។
ពិធីដែលបានប្រារព្ធនៅបរិវេណវត្តគីរីសង្វាពេជ្រ ហៅវត្តភ្នំតូច ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកឯកឧត្តម សុខ លូ បាននាំប្រសាសន៍ផ្តាំផ្ញើ នូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋ។ ជាពិសេសការផ្តាំផ្ញើដល់គ្រប់គ្រួសារនីមួយៗត្រូវយកចិត្តទុ
កដាក់គិតគូរពីសុខភាព ដោយការរស់នៅស្អាតមានអនាម័យ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមស្វែងយល់បន្ថែមពីភាពរឹងមាំនៃលំនៅឋានរបស់ខ្លួន ដើម្បីបង្ការទុកជាមុន និងការពារហានិភ័យ ដែលអាចបង្កដោយគ្រោះធម្មជាតិ ព្រោះថាឆ្នាំនេះ រដូវប្រាំងមានរយៈពេលយូរ ។ពេលមានភ្លៀងធ្លាក់អាចនាំមកជាមួយនឹងខ្យល់កន្រ្តាក់លាយឡំ និងផ្គររន្ទះ ងាយបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា។
អំណោយដែលផ្តល់ជូនមាន អង្ករ ,មី,ទឹកបរិសុទ្ធ,ត្រីខកំប៉ុង,ទឹកស៊ីអ៊ីវ,ទឹកត្រី ។ ដោយឡែកគ្រួសារដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់ចំនួន ២២គ្រួសារ បានឧបត្ថម្ភបន្ថែមនូវឃីតមួយកញ្ចប់ មាន មុង ក្រមានិងថវិកាមួយចំនួន៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.





