ក្រុមហ៊ុន Tesla សំងំជ្រើសរើសនាយកប្រតិបត្តិថ្មី ជំនួសលោក Elon Musk

បរទេស៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនឡានអគ្គិសនី Tesla កំពុងសំងំជ្រើសរើសនាយកប្រតិបត្តិថ្មី ជំនួសលោកមហាសេដ្ឋី Elon Musk នេះបើតាមកាសែតអាមេរិក Wall Street Journal និង ដកស្រង់ចុះផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍។

ផែនការស្វែងរក CEO ថ្មី បានចាប់ផ្តើម តាំងពីខែមីនា ពោលគឺក្រោយពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះ ៤៥ភាគរយ តាំងពីលោកមហាសេដ្ឋីមានទ្រព្យច្រើនជាងគេ រូបនេះ បានចូលទៅធ្វើជាមេនាយកដ្ឋានជំរុញប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ហៅកាត់ DOGE ជួយលោកប្រធានាធិបតី Donald Trump កាត់បន្ថយចំណាយនិងបណ្តេញមន្ត្រីសហព័ន្ធ យ៉ាងកក្រើក ជាមួយនឹងរិះគន់ទាំងក្នុង និងក្រៅប្រទេស។ កាលពីសប្តាហ៍មុន Tesla បានរាយការណ៍ថា ប្រាក់ចំណូលបានធ្លាក់ចុះដល់៧១% ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងលោក Musk តាមរយៈការធ្វើពហិការ មិនទិញឡាន Tesla និង បំផ្លាញ Showroom ក្នុងប្រទេសមួយចំនួន។

យ៉ាងណាមិញ កាសែត The Journal បានដកស្រង់ប្រភព អនាមិក ឲ្យដឹងថា លោក Musk អាចនៅតែជាសមាជិកក្រុមប្រឹក្សាភិបាល ដដែល។ ជុំវិញបញ្ហានេះ ទាំងលោក Musk និង ក្រុមហ៊ុន Tesla មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ CNN ទេ។

រីឯ ក្រុមអ្នកវិភាគ ដែលដឹកនាំដោយ លោក Dan Ives ប្រធានផ្នែកស្រាវជ្រាវបច្ចេកវិទ្យាសកល នៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Wedbush Securities បាននិយាយថា លោក Musk បានធ្វើរឿងត្រឹមត្រូវ ហើយជឿជាក់ថា លោកនឹងបន្តធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន Tesla យ៉ាងហោចណាស់ ៥ឆ្នាំទៀត ព្រោះទំនុកចិត្ត និង ការចង់វិលត្រលប់មកបំពេញការងារ ពេញដៃពេញជើង របស់លោក Musk ឡើងវិញ។

យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ ប្រធានាធិបតី Donald Trump បាននិយាយថា បើទោះបីត្រូវបញ្ចប់ តួនាទីក៏ដោយ លោក Musk នឹងបន្តការងារមួយចំនួន ជាមួយសេតវិមាន ហើយលោក Trump ថែមទាំងអំណរគុណដល់លោក Musk សម្រាប់ការងារ ក្នុងរដ្ឋាភិបាល កន្លងមក ទៀតផង៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner