ដ្រូនអ៊ុយក្រែនវាយលុកទីក្រុងដែលរុស្ស៊ីកាន់កាប់ ស្លាប់៧នាក់
បរទេស ៖ យន្តហោះគ្មានមនុស្សបើក របស់ប្រទេសអ៊ុយក្រែន បានវាយប្រហារទីក្រុង ដែលត្រូវបានកាន់កាប់ ដោយរុស្ស៊ី សម្លាប់មនុស្ស ៧នាក់ កាលពីថ្ងៃព្រហស្បតិ៍។
ដ្រូនបានវាយប្រហារលើទីផ្សារ ស្ថិតនៅក្នុងទីក្រុង Oleshky ក្នុងតំបន់ Kherson ភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ លោក Vladimir Saldo អភិបាលនៃតំបន់ Kherson ដែលកាន់កាប់ដោយរុស្ស៊ី បានសរសេរ នៅលើ Telegram ថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបើកការវាយប្រហារដ៏ធំ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក FPV ប្រឆាំងនឹងជនស៊ីវិល….មនុស្ស ស្លាប់យ៉ាងតិច ៧នាក់ និងជាង២០នាក់ រងរបួស»។
តំបន់ Oleshky ស្ថិតនៅលើច្រាំងទន្លេ Dnipro ដែលធ្លាក់ក្នុងកណ្តាប់ដៃ កងកម្លាំងរុស្ស៊ី នៅដើមដំបូង នៃ ការវាយលុក ក្នុងឆ្នាំ២០២២។
ជាមួយគ្នានេះ អ៊ុយក្រែនថា រុស្ស៊ីក៏បានបើកការវាយប្រហារ លើអ៊ុយក្រែន ពេញមួយយប់វិញ ផងដែរ។
ការវាយប្រហារបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែ ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានហៅទម្រង់ថ្មី នៃការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះទីក្រុង Kyiv បន្ទាប់ពីបញ្ចប់ជំនួយផ្នែកយោធា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត