Trump ដកតំណែងទីប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឲ្យដឹងថា លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី Trump នឹងដើរចាកចេញពីមុខតំណែង ក្រោយមានរឿងអាស្រូវ អ្នកកាសែតម្នាក់ ត្រូវបាន add បញ្ចូលដោយចៃដន្យ ទៅក្នុងការជជែកគ្នា រវាងមន្ត្រីអាមេរិក អំពីផែនការ វាយប្រហារតាមអាកាស លើប្រទេសយេម៉ែន។

ទីភ្នាក់សារព័ត៌មាន CBS News បានរាយការណ៍ថា ក្រៅពីលោក Mike Waltz ក៏មានអនុប្រធានរបស់លោកម្នាក់ ឈ្មោះ Alex Wong ក៏នឹងត្រូវចាកចេញផងដែរ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Fox News បានចេញផ្សាយថា លោក Trump គ្រោងនឹងធ្វើអត្ថាធិប្បាយ លើបញ្ហានេះ ក្នុងពេលឆាប់ៗនេះ។

អតីតសមាជិកសភាអាមេរិករូបនេះ គឺជាមន្ត្រីធំដំបូងគេ ដែលចាកចេញពីរដ្ឋបាល ក្នុងអាណត្តិទីពីរ របស់លោក Trump។ លោក Waltz ស្ថិតនៅក្រោមសម្ពាធ ចាប់តាំងពីនិពន្ធនាយក របស់ទស្សនាវដ្តី Atlantic បានលាតត្រដាង កាលពីខែមីនាថា លោក Waltz បានបញ្ចូលលោក ដោយច្រឡំទៅក្នុងការជជែក នៅលើកម្មវិធីផ្ញើសារ Signal អំពីការវាយប្រហារ លើក្រុមឧទ្ទាមហ៊ូធី។

ក្នុងពេលនោះ ក្រុមអាមេរិកមន្ត្រីបានដាក់ចេញ នូវផែនការវាយប្រហារ រួមទាំង ពេលវេលា ដែលយន្តហោះចម្បាំងអាមេរិកនឹងហោះទៅកាន់គោលដៅ ទម្លាក់គ្រាប់បែក ក្នុងប្រទេសយេម៉ែន។

លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ តាមបណ្តាញសង្គម បន្ថែមថា លោក Mike Waltz អាចទៅធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ក្រោយអស់តំណែង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner