អ៊ីរ៉ង់ចោទអាមេរិកជាមេខ្លោង “ភេរវកម្មសេដ្ឋកិច្ច”
តេហេរ៉ង់ ៖ អ៊ីរ៉ង់បានហៅអាមេរិកជាមេខ្លោងបង្ក “អំពើភេរវកម្មសេដ្ឋកិច្ច” និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការដាក់ទណ្ឌកម្មថ្មីលើបុគ្គល-អង្គភាពទាំងនៅអ៊ីរ៉ង់ និងប្រទេសដទៃទៀត ក្រោមលេសធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតេហេរ៉ង់ក្នុងវិស័យផ្សេងៗគ្នា។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃព្រហស្បតិ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មដែលបានដាក់ក្នុងពេលប៉ុន្មានថ្ងៃមកនេះ បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ កំពុងបំពានច្បាប់ និងការរំលោភបំពានលើសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសដទៃទៀត តាមរយៈអំពើភេរវកម្មសេដ្ឋកិច្ច។
ប្រតិកម្មរបស់អ៊ីរ៉ង់កើតឡើងក្រោយក្រសួងរតនាគារ និងក្រសួងការបរទេសអាមេរិក ក្នុងសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើបុគ្គលដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ចំនួន៦ និងអង្គភាពចំនួន១៣ នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសផ្សេងទៀត ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធក្នុងការជួញដូរប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ និងការទិញសមាសធាតុផលិតគ្រាប់មីស៊ីលផ្លោង។
ការដាក់ទណ្ឌកម្មនេះទៀតសោត កើតឡើងនៅពេលដែលជុំទី៤ នៃកិច្ចចរចាដោយប្រយោលដែលសម្របសម្រួលដោយប្រទេសអូម៉ង់ រវាងអ៊ីរ៉ង់ និងអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ត្រូវបានពន្យារពេល៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា