អាងទឹកកំពីងពួយ មានសមត្ថភាពស្តុកទឹកត្រឹមតែ ១លានm3 តែបើមានការកែលម្អ នោះអាចមានសមត្ថភាពស្តុកទឹកបានរហូតដល់ ៨ ទៅ ១០លាន m3
(ភ្នំពេញ)៖ បច្ចុប្បន្ន អាងទឹកកំពីងពួយមានស្ថានភាពគោករាក់ដែលមានសមត្ថភាពស្តុកទឹកត្រឹមតែ ១លាន m3 តែប៉ុណ្ណោះ ប្រសិនក្នុងករណីគម្រោងសម្រេចអនុវត្តនៅតំបន់នេះ នោះសមត្ថភាពស្តុកទឹកបានរហូតដល់ប្រមាណ ៨-១០លាន m3 ដែលអាចជួយបម្រើផលប្រយោជន៍ប្រជាជនទាំងទឹកសម្រាប់ស្រោចស្រពដំណាំ ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងជាតំបន់លំហែរកម្សាន្ត ដែលអាចប្រើប្រាស់ក្នុងគោលបំណងពហុប្រយោជន៍ទៀតផង។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP-MAFF។
ថ្លែងក្នុងពិធីចុះពិនិត្យ និង វាយតម្លៃតំបន់គោលដៅអនុវត្ដគម្រោងទី៤ ក្នុងវិសាលភាពអាងកំពីងពួយ ស្រុកជាំក្សាន្ត សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុង ខេត្ត ព្រះវិហារ កាលពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន បានឱ្យដឹងថា៖ចំណុចខ្លាំងនៅក្នុងវិសាលភាពអាង គឺកសិករមានចងក្រងជាសហគមន៍ជាំក្សាន្តជាយដែនមានជ័យ និងសហគមន៍កសិកម្មទឹកក្រហមកែលម្អជីវភាព ដែលដាំដុះស្រូវសរីរាង្គផ្គត់ផ្គង់កិច្ចសន្យាផលិតកម្មដល់ក្រុមហ៊ុនឯកជនតាមរយៈកសិកម្មតាមកិច្ចសន្យា និងផលិតបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ផងដែរ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា គម្រោងមានភាពចាំបាច់ ដែលត្រូវចូលរួមចំណែក អភិវឌ្ឍន៍ ហេថារចនាសម្ព័ន្ធ ដើម្បីលើកកំពស់ជីវភាពប្រជាជន ក៏ដូចជាបង្កស្ថានភាព ដើម្បីបង្កើនដង់ស៊ីតេប្រជាជននៅតាមតំបន់ព្រំដែន ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់ ឆ្ថាយដាច់ស្រយាលពីទីរួមខេត្ត និងនៅគៀកជាប់ទៅនឹងច្រកអានសេះដែលជាតំបន់ព្រំដែន៣ប្រទេសរវាងកម្ពុជា ថៃនិងឡាវ។
ទន្ទឹមគ្នានេះ បញ្ហាប្រឈមសំខាន់ចំពោះវិស័យកសិកម្ម ក្នុងតំបន់វិសាលភាពអាងកំពីងពួយគឺ សមត្ថភាពស្តុកទឹកមានបរិមាណតិច ខ្វះទឹកស្រោចស្រពដំណាំស្រូវ បន្លែ និងដំណាំរួមផ្សំដទៃ និងផលិតកម្មបន្លែមិនឆ្លើយតបនឹងតម្រូវការនៅចន្លោះខែមីនា ដល់ ខែឧសភា ដោយសារគ្មានទឹកសម្រាប់ដាំដុះដែលត្រូវនាំចូលបន្លែពីតំបន់តំបន់ដទៃប្រមាណ ៥០ភាគរយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា តាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងការចុះពង្រឹងគាំទ្របច្ចេកទេសកសិកម្មលើមុខដំណាំដែលផ្តល់ប្រាក់ចំណេញខ្ពស់ដល់ប្រជាកសិករដោយភារតបរិស្ថាន។ ជាពិសេស ការជំរុញបច្ចេកទេសកាត់បន្ថយថ្លៃដើមក្នុងផលិតកម្មកសិកម្ម និងយន្តការផ្សារភ្ជាប់រវាងអ្នកផលិត អ្នកលក់ធាតុកសិកម្ម និងអ្នកប្រមូលទិញ។ លើសពីនេះ គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា មានភាពចាំបាច់មិនខ្វះគ្នារវាងវិស័យធនធានទឹកនិងវិស័យកសិកម្ម ដែលត្រូវបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកនិងការគាំទ្របច្ចេកទេសកសិកម្មដល់ប្រជាកសិករ ក្នុងការលើកកម្ពស់គុណភាពកសិករនិងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់ធនាគារពិភពលោក ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជំរុញសេវាគាំទ្រលើវិស័យធនធានទឹក និងវិស័យកសិកម្មឱ្យបានដល់ប្រជាកសិករ សំដៅបង្កើនប្រាក់ចំណូលរបស់ពួកគាត់ ៕





ដោយ ៖ ម៉ាដេប៉ូ