ដីព្រៃជាង ៤០០ហិកតា ដែលរងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ត្រូវបានដកហូតយកមកទុកជាសម្បត្តិរដ្ឋវិញ
(ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញដីកាដកហូតដីព្រៃជាង ៤០០ហិកតា យកមកទុកជាសម្បត្តិរដ្ឋវិញ និងដើម្បីជាការព្រមានដល់ជនខិលខូចឯទៀត កុំឲ្យកាប់រានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា មានប្រសាន៍បញ្ជាក់ថា រដ្ឋបាលខេត្ត បានចេញដីកាលេខ០១៧/២៥កដ សម្រេចដកហូតដីព្រៃ ដែលក្រុមជនខិលខូច លួចកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិក្នុងពេលកន្លងមក យកមកប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យ និងកុំឲ្យបាត់បង់ដីរបស់រដ្ឋជាបន្តទៅទៀត។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា ក្នុងដីព្រៃដែលដកហូតបានលើកនេះ មានចំនួន ៤៨៧ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ជាប់គ្នានឹងចំណុចភូមិសាស្ត្រ នៃទឹកដីឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ឯកឧត្តម បានបន្តថា រដ្ឋបាលខេត្តស្ទឹងត្រែង ទុកឱកាសរយៈពេល ៣០ថ្ងៃ ដើម្បីជូនដំណឹងដល់ជនខិលខូចខាងលើ ឲ្យមកធ្វើការតវ៉ា ប្រសិនបើជននោះកើតទុក្ខមិនសុខចិត្តត្រង់ចំណុចណាមួយ ។
ដោយឡែក មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដីដែលធ្វើការដកហូតខាងលើនោះ ជាដីព្រៃដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយត្រូវបានក្រុមជនសង្ស័យចូលលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ កាលពីពេលកន្លងមក ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលជនសង្ស័យទាំងនោះ ប្រព្រឹត្តល្មើស និងបំពានទៅនឹងច្បាប់ ស្ដីពី ដីធ្លី។
សូមបញ្ជាក់ថា នៅរយៈពេលកន្លងមក រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការដកហូតដីព្រៃបានជាង ២ម៉ឺនហិកតារួចមកហើយ ដើម្បីយកមកទុកជាសម្បត្តិរដ្ឋវិញ ក្នុងប្រតិបត្តិការដកហូត ដែលធ្វើឡើងចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ខែមេសាឆ្នាំ២០២៥ នេះ ដែលដកហូតបានពីក្រុមជនខិលខូច៕
ដោយ ៖ ឡុង សំបូរ








