សម្តេចតេជោ ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ

(ហ្សាការតា)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចអាស៊ាន មិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ ខណៈឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ាន មានរហូតទៅដល់ ៣.៨ទ្រីលានដុល្លារ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច និងអូសជើងអាស៊ានឲ្យដើរយឺត តាមពិតប្រទេសចូលថ្មីមិនបានអូសដំណើរពឹងពាក់ ឬដណ្ដើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្ដែង នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ២៤ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ានចំនួន ១០ប្រទេស មានរហូតទៅដល់៣.៨ទ្រីលានដុល្លារ ដែលមានសេដ្ឋកិច្ចធំបំផុតទី៥លើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ៤ក្នុងឆ្នាំ២០៣០»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំពោះទំហំពាណិជ្ជកម្ម ទំនិញបានកើនដល់៣.៥ទ្រីលានដុល្លារ ជិតស្មើនឹងទំហំផលិតផលសរុប ក្នុងនោះ២១.៥ភាគរយជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ទំហំវិនិយោគសរុបមានទៅដល់២២៩,៨ប៊ីលានដុល្លារ ក្នុងនោះ៩.៥ភាគរយ គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។

សម្ដេចតេជោ បានបន្តថា តួលេខនេះ បញ្ជាក់ថា សេដ្ឋកិច្ចអាស៊ាន ពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញទាំងពាណិជ្ជកម្ម និងវិនិយោគគឺមានការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើង។

សម្ដេចតេជោ បានថ្លែងបន្ថែមថា ប្រទេសនីមួយៗសុទ្ធតែមានភាពម្ចាស់ការលើសេដ្ឋកិច្ចរៀងៗខ្លួន មានន័យថា នំសេដ្ឋកិច្ចអាស៊ានមិនបានបាត់បង់ ដោយសារការដណ្ដើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃនំសេដ្ឋកិច្ចអាស៊ាន គឺកាន់តែធំឡើងហើយគ្រប់សមាជិកទាំងអស់សុទ្ធតែអាចទាក់ទាញ ពីកំណើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងទៀតថា អាស៊ាន ក៏នឹងក្លាយជាប៉ូលសំខាន់មួយ របស់ពិភពលោក ដែលអាចបត់បែនបាន ដោយមិនយកប្រទេសណាជាសត្រូវ ។

សម្តេចតេជោ បានលើកឡើងថា អាស៊ាន នឹងមានមហាវិទ្យាល័យលំដាប់ពិភពលោកនៅទូទាំងតំបន់ អាស៊ាននឹងក្លាយជាតំបន់ដែលមានឧស្សាហកម្ម រោងចក្រលំដាប់ពិភពលោក អាស៊ាននឹងក្លាយជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោក អាស៊ាននឹងក្លាយជាទីតាំងរៀបចំការប្រកួតលំដាប់ពិភពលោក មានដូចជា៖ World Cup ជាដើម ទាំងនេះ គឺជាក្ដីសុបិនរបស់អាស៊ាន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner