នូវែលសេឡង់ចាយ ១ពាន់លានដុល្លារ វ៉ៃដូរឧទ្ធម្ភាគចក្រចាស់ៗ

វែលលីងតុន ៖ ស្របពេលភាពតានតឹងសកលឡើងកំដៅ នូវែលសេឡង់គ្រោងចំណាយលុយ ១,២ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងទិញឧទ្ធម្ភាគចក្រថ្មី ជំនួសឧទ្ធម្ភាគចក្រដែនសមុទ្រចាស់ៗរបស់កងកម្លាំងការពារជាតិ។

រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាពតានតឹងជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយបុគ្គលិកការពារជាតិត្រូវការឧបករណ៍ និងលក្ខខណ្ឌត្រឹមត្រូវដើម្បីធ្វើការងាររបស់ពួកគេ។ ដូច្នេះក្នុងនាមជាប្រទេសដែនសមុទ្រ យើងកំពុងផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពកងទ័ពជើងទឹក។

លោកស្រី Collins បន្ថែមថា ឧទ្ធម្ភាគចក្រថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយពង្រីកទំហំការងារកាន់តែធំជាងមុន រួមទាំងសព្វាវុធ បុគ្គលិក និងឧបករណ៍យោធា ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ ដើម្បីការពារប្រជាជននូវែលសេឡង់។ នូវែលសេឡង់ក៏ត្រៀមចំណាយ ៥៧០លានដុល្លារក្នុងពេល ៤ឆ្នាំឆ្ពោះទៅរកការដាក់ពង្រាយកងកម្លាំងការពារ ការបណ្តុះបណ្តាល និងហេដ្ឋារចនាសម្ព័ន្ធកងកម្លាំងការពារ។

ក្រៅពីទិញឧទ្ធម្ភាគចក្រថ្មី នូវែលសេឡង់ក៏មានផែនការចំណាយថ្មីដល់ទៅ ៥ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ បន្ទាប់ពីបានបញ្ចេញផែនការនេះកាលពីខែមេសា ក្នុងនោះនឹងវិនិយោគលើមីស៊ីល ផ្នែកសន្តិសុខព័ត៌មានវិទ្យា និងយន្តហោះដ្រូន។ ទន្ទឹមគ្នានេះ នូវែលសេឡង់នឹងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីឈានដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០៣២-៣៣ខាងមុខ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner