លោក Xi នឹងហោះទៅរុស្ស៊ី ចូលរួមខួប នៃការកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសរុស្ស៊ី រយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៧ដល់ទី១០ ខែឧសភាខាងមុខនេះក្នុងគោលបំណងចូលរួមព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ នៃការកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់។

សូមរម្លឹកថា សហភាពសូវៀតបានបាត់បង់ប្រជាជន ២៧លាននាក់ នៅក្នុងសង្គ្រាមលោកលើកទី២ ឬ World War II ប៉ុន្តែបានរុញកងកម្លាំងណាស៊ីត្រឡប់ទៅទីក្រុងប៊ែរឡាំង ជាកន្លែងដែលហ៊ីត្លែរបានធ្វើអត្តឃាត ហើយសូវៀតទទួលបានជ័យជម្នះក្នុងឆ្នាំ១៩៤៥។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីតេឡេក្រាម វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ស៊ី នឹងពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ព្រមទាំងចុះហត្ថលេខាលើឯកសារមួយចំនួន។

វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា កិច្ចពិភាក្សារបស់លោក ស៊ី និងលោក ពូទីន បញ្ហាចម្បងគឺការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយ និងអន្តរកម្មយុទ្ធសាស្ត្របន្ថែមទៀត រួមទាំងបញ្ហាបច្ចុប្បន្ននៅលើរបៀបវារៈអន្តរជាតិ និងតំបន់ ក៏នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។

ក្រៅតែពីប្រមុខរដ្ឋចិន មេដឹកនាំជាច្រើនផ្សេងទៀតក៏ត្រូវបានរំពឹងថា នឹងមានវត្តមានពេលប្រារព្ធទិវាជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ក្នុងនោះរួមមានប្រធានាធិបតីប្រេស៊ីល ស៊ែប៊ី និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី។ ដើម្បីប្រារព្ធពិធីនេះឱ្យរលូន ព្រោះជាថ្ងៃដ៏សំខាន់បំផុតមួយរបស់រុស្ស៊ីនោះ លោកប្រធានាធិបតី ពូទីន បានស្នើបទឈប់បាញ់ ៣ថ្ងៃជាមួយអ៊ុយក្រែន។

ជាការឆ្លើយតប លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់ឥស្សរជនបរទេសណាមួយ ដែលទៅទស្សនកិច្ចទីក្រុងមូស្គូ ដើម្បីចូលរួមពិធីក្បួនដង្ហែជ័យជម្នះថ្ងៃទី៩ ខែឧសភានោះទេ។ ជាងនេះទៅទៀត លោកប្រធានាធិបតី ហ្សេឡេនស្គី ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កើនការរិះគន់ប្រទេសចិន ដោយចោទប្រកាន់ថា កំពុងផ្តល់អាវុធ និងគ្រាប់កាំភ្លើងដល់រុស្ស៊ី៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner