លោក Trump បញ្ជាឲ្យបើកពន្ធនាគារ ដែលបិទទ្វារអស់ពេល ៦០ ឆ្នាំឡើងវិញ
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា រូបលោកកំពុងណែនាំការិយាល័យពន្ធនាគារសហព័ន្ធឱ្យពង្រីកឱ្យធំជាងមុន និងបើកដំណើរការពន្ធនាគារ Alcatraz នៅឈូងសមុទ្រ San Francisco ឡើងវិញ ដើម្បីដាក់ជនល្មើសបង្កហិង្សា និងអំពើឃោរឃៅបំផុតនៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទអស់ជាង ៦០ឆ្នាំមកហើយ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RFI។

មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីល្ងាចថ្ងៃអាទិត្យថា ជាយូរមកហើយ អាមេរិកត្រូវបានញាំញីដោយពួកឧក្រិដ្ឋជនសាហាវឃោរឃៅ ដែលជាកាកសំណល់សង្គម និងមិនបានរួមចំណែកអ្វី ក្រៅពីបង្កទុក្ខវេទនា និងទុក្ខលំបាកនោះទេ។

លោកប្រធានាធិបតី ត្រាំ បន្ថែមថា នោះហើយជាមូលហេតុដែលថ្ងៃនេះ ខ្ញុំកំពុងដឹកនាំការិយាល័យពន្ធនាគារ រួមជាមួយនឹងនាយកដ្ឋានយុត្តិធម៌ FBI និងសន្តិសុខមាតុភូមិ ឱ្យបើកគុក ALCATRAZ ឡើងវិញ និងពង្រីកឱ្យធំជាងមុន ដើម្បីធ្វើជម្រកអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ និងសាហាវឃោរឃៅបំផុតរបស់អាមេរិក។
ពន្ធនាគារ Alcatraz មានទីតាំងនៅលើកោះតូចមួយក្នុងទីក្រុង San Francisco នៃរដ្ឋ California។ វាជាអតីតបន្ទាយទាហាននិងគុកនៅឈូងសមុទ្រ San Francisco ប៉ុន្តែត្រូវប្រែក្លាយទៅជាពន្ធនាគារសហព័ន្ធក្នុងឆ្នាំ១៩៣៤។
យោងតាមការិយាល័យពន្ធនាគារអាមេរិក ហៅកាត់ BOP បានឱ្យដឹងថា គុក Alcatraz ត្រូវបានបិទនៅឆ្នាំ១៩៦៣ ដោយសារការចំណាយខ្ពស់ពេក បន្ទាប់ពីបានបើកដំណើរការអ្នកទោសអស់រយៈពេល ២៩ឆ្នាំ។
គុក Alcatraz មានសមត្ថភាពផ្ទុកអ្នកទោសបានត្រឹមតែ ៣៣៦នាក់ប៉ុណ្ណោះ ប៉ុន្តែវាធ្លាប់ជាកន្លែងឃុំឃាំងឧក្រិដ្ឋជនល្បីឈ្មោះ រួមទាំងមេក្រុមម៉ាហ្វីយ៉ា Al Capone ផងដែរ។ យ៉ាងណា កន្លែងនេះមិនដែលដាក់អ្នកទោសពេញដល់ ៣៣៦នាក់ទេ។ ចាប់តាំងពីការបិទមក គុក Alcatraz បានក្លាយជាទីតាំងទាក់ទាញទេសចរដ៏ល្បីល្បាញមួយរបស់ទីក្រុង San Francisco៕
ប្រភព ៖ RFI ប្រែសម្រួល ៖ ឈឹម ទីណា
