ប្រជាសហគមន៍នេសាទស្រីចឹកការអភិរក្សព្រៃលិចទឹក ថែរក្សាត្រីមេពូជ និងមិននេសាទខុសច្បាប់នាំឱ្យត្រីកើនឡើង
(ពោធិ៍សាត់)៖តាមរយៈការអភិរក្សព្រៃលិចទឹក ការថែរក្សានូវមេត្រីពូជ និងពិសេសការមិន នេសាទខុសច្បាប់នោះកំពុងបានជួយឱ្យចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក កាន់តែសម្បូរជាងមុន ហើយទាំងអស់នេះគឺបានផ្តល់នូវផលប្រយោជន៍ដោយផ្ទាល់របស់ប្រជាសហគមន៍មូលដ្ឋានរបស់ពួកគាត់។
ក្នុងភូមិសាស្រ្តស្ថិតនៅតាមដៃបឹងទន្លេសាប និងក៏ស្ថិតនៅតំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងបានធ្វើឱ្យសហគមន៍នេសាទស្រីចឹក ក្លាយជាទីកន្លែងសម្រាប់ពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់តាំងពីយូរលង់ណាស់មកហើយ។
សហគមន៍នេសាទស្រីចឹកដែល ស្ថិតនៅសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងប្រាំមួយភូមិ មាន ភូមិកញ្ជរ ភូមិ សំរោង ភូមិពោធិ៍អណ្តែត ភូមិព្រែកត្របែក ភូមិផ្លូវហ្លួង និងភូមិតាម៉ៅ ឃុំ កញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានក្លាយជាទីកន្លែងអភិរក្សត្រីមេពូជដ៏សម្បូរបែប និង ជាទីជម្រកត្រីដ៏សំខាន់មួយក្នុងទឹកដីខេត្តពោធិ៍សាត់។
លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានបញ្ជាក់ប្រាប់ក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ច របស់ក្រសួងកសិកម្ម សភាពអឺរ៉ុបនិងអង្គការ FAOឱ្យដឹងថា៖សហគមន៍របស់លោកមានសមាជិក៤៤៨នាក់ មានផ្ទៃដី២៦៩៦ ហិកតា ក្នុងនេះមានកន្លែងអភិរក្សជលផល ព្រែកតាចាន់ មួយកន្លែង ទំហំ៧,៥០ហិកតា ហើយមានប្រជាពលរដ្ឋសរុប ចំនួន២០៤៨នាក់ ស្មើនឹង៨៧២គ្រួសារ។
លោកថាការរក្សាបានព្រៃលេចទឹកគឺជាកត្តាដ៏សំខាន់សម្រាប់ជម្រកត្រីពង និងក៏ជាជម្រកសុខសាន្តរបស់ពួកវារីកធំធាត់ដែរ។ក្រៅពីនេះកិច្ចការពារភ្លើងឆេះព្រៃ ការទប់ស្កាត់បទល្មើសនេសាទគឺជារឿងចាំបាច់ដ៏ចម្បងមួយទៀតដែលសហគមន៍តែងយកចិត្តទុកដាក់បំផុត មិនដែលធ្វេសប្រហែលខ្លួនសោះឡើយ។
លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងឱ្យដឹងតាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់បានបទល្មើសនេសាទឃើញថាចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសឆ្នាំ ២០២៤ និង២០២៥ត្រីមានចំនួនកើនឡើង ដែលជាផ្នែកមួយសំខាន់សម្រាប់បងប្អូននេសាទអាចរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។
លោកស្រី Rebekah Bell នាយកប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) បានលើកឡើងថាគម្រោង CAPFISH-Capture ដាក់អនុវត្តន៍នៅកម្ពុជាតាំងពីឆ្នាំ២០១៩ ដោយកម្មវិធីនេះបានធ្វើឱ្យមានការកើនឡើងនៃប្រភេទត្រីកម្រ បានការពារទីជម្រករបស់ត្រី រៀបចំច្បាប់ជលផលថ្មី ទប់ស្កាត់ ភ្លើងឆេះព្រៃលិចទិក បង្កើនការផ្សព្វផ្សាយពីការងារជលផល ផ្ដល់ថវិកាគាំទ្រដល់សហគមន៍នេសាទ សហគ្រាសកែច្នៃ ផលផលជលផល និងគាំទ្រដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាអាហារផងដែរ។
បើតាម ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធីសាត់បានថ្លែងថា ក្រោមកិច្ចការពារបាននូវបទល្មើសនេសាទ និងការរក្សាបាន នូវព្រៃ លិចទឹកគេឃើញថាកំណើនត្រីកើនឡើងបន្តបន្ទាប់មិនថាសហគមន៍នេសាទត្រីចឹកទេ ហើយពិសេសសហគមន៍នេសាទកំពង់ប្រាក់ ស្ថិត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ទិន្នន័យត្រីបានកើនចំនួន ពី២០ ទៅ៤០តោន។
គួរបញ្ជាក់ថានៅខេត្តពោធិ៍សាត់មានសហគមន៍នេសាទសរុបចំនួន៣៥ ហើយកន្លងមកអង្គការដៃគូបានជួយចំនួន១១សហគមន៍ផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ វេង លឹមហួត



