ប្រជាសហគមន៍នេសាទស្រីចឹកការអភិរក្សព្រៃលិចទឹក ថែរក្សា​ត្រីមេពូជ និងមិននេសាទខុសច្បាប់នាំឱ្យត្រីកើនឡើង

(ពោធិ៍សាត់)៖តាមរយៈការអភិរក្សព្រៃលិចទឹក ការថែរក្សានូវមេត្រី​ពូជ និងពិសេសការមិន នេសាទខុសច្បាប់នោះកំពុងបានជួយឱ្យ​ចំនួន​ត្រីនៅ​សហគមន៍នេសាទស្រីចឹក កាន់តែសម្បូរជាងមុន ហើយ​ទាំងអស់នេះគឺបានផ្តល់នូវផលប្រយោជន៍ដោយផ្ទាល់របស់ប្រជាសហគមន៍មូលដ្ឋានរបស់ពួកគាត់។

ក្នុងភូមិសាស្រ្តស្ថិតនៅតាមដៃបឹងទន្លេសាប និងក៏ស្ថិតនៅតំបន់ព្រៃ​លិចទឹក​ដែលជាជម្រកត្រីពងបានធ្វើឱ្យសហគមន៍នេសាទស្រីចឹក ក្លាយជាទីកន្លែងសម្រាប់ពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់តាំងពីយូរលង់ណាស់មកហើយ។

សហគមន៍នេសាទស្រីចឹកដែល ស្ថិតនៅសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងប្រាំមួយភូមិ មាន ភូមិកញ្ជរ ភូមិ សំរោង ភូមិពោធិ៍អណ្តែត ភូមិព្រែកត្របែក ភូមិផ្លូវហ្លួង និងភូមិតាម៉ៅ ឃុំ កញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានក្លាយជាទីកន្លែងអភិរក្ស​ត្រី​មេពូជ​ដ៏សម្បូរបែប និង ជាទីជម្រកត្រីដ៏សំខាន់មួយក្នុងទឹកដីខេត្តពោធិ៍សាត់។

លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានបញ្ជាក់​ប្រាប់​ក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ច របស់ក្រសួងកសិកម្ម សភាព​អឺរ៉ុបនិងអង្គការ FAOឱ្យដឹងថា៖សហគមន៍របស់លោកមាន​សមាជិក៤៤៨នាក់ មានផ្ទៃដី២៦៩៦ ហិកតា ក្នុងនេះមានកន្លែង​អភិរក្សជលផល ព្រែកតាចាន់ មួយកន្លែង ទំហំ៧,៥០ហិកតា ហើយមានប្រជាពលរដ្ឋសរុប ចំនួន២០៤៨នាក់ ស្មើនឹង៨៧២គ្រួសារ។

លោកថាការរក្សាបានព្រៃលេចទឹកគឺជាកត្តាដ៏សំខាន់សម្រាប់ជម្រកត្រីពង និងក៏ជាជម្រកសុខសាន្តរបស់ពួកវារីកធំធាត់ដែរ។ក្រៅពីនេះ​កិច្ចការពារភ្លើងឆេះព្រៃ ការទប់ស្កាត់បទល្មើសនេសាទគឺជារឿង​ចាំ​បាច់ដ៏ចម្បងមួយទៀតដែលសហគមន៍តែងយកចិត្តទុកដាក់បំផុត មិនដែលធ្វេសប្រហែលខ្លួនសោះឡើយ។

លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែង​ឱ្យដឹងតាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់​បានបទ​ល្មើស​នេសាទឃើញថាចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពិសេសឆ្នាំ ២០២៤ និង២០២៥​ត្រីមានចំនួនកើនឡើង ដែលជាផ្នែកមួយសំខាន់សម្រាប់បងប្អូន​នេសាទ​អាច​រកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។

លោកស្រី Rebekah Bell នាយកប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) បានលើកឡើងថាគម្រោង CAPFISH-Capture ដាក់អនុវត្តន៍នៅកម្ពុជាតាំងពីឆ្នាំ២០១៩ ដោយកម្មវិធីនេះបានធ្វើឱ្យមានការកើនឡើងនៃប្រភេទត្រីកម្រ បានការពារទីជម្រករបស់ត្រី រៀបចំច្បាប់ជលផលថ្មី ទប់ស្កាត់ ភ្លើងឆេះព្រៃលិចទិក បង្កើនការផ្សព្វផ្សាយពីការងារជលផល ផ្ដល់​ថវិកាគាំទ្រដល់សហគមន៍នេសាទ សហគ្រាសកែច្នៃ ផលផលជល​ផល និងគាំទ្រដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាអាហារផងដែរ។

បើតាម ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធីសាត់បានថ្លែងថា ក្រោមកិច្ចការពារបាននូវបទល្មើសនេសាទ និងការរក្សាបាន នូវព្រៃ លិចទឹកគេឃើញថាកំណើនត្រីកើនឡើងបន្តបន្ទាប់មិនថាសហគមន៍នេសាទត្រីចឹកទេ ហើយពិសេសសហគមន៍នេសាទកំពង់ប្រាក់ ស្ថិត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ទិន្នន័យត្រីបានកើនចំនួន ពី២០ ទៅ៤០តោន។

គួរបញ្ជាក់ថានៅខេត្តពោធិ៍សាត់មានសហគមន៍នេសាទសរុបចំនួន៣៥ ហើយកន្លងមកអង្គការដៃគូបានជួយចំនួន១១សហគមន៍ផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ វេង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner