អភិបាលខេត្ត៖ ពុទ្ធិកសិក្សា រួមចំណែកដល់ការរក្សាអរិយធម៌ និងអត្តសញ្ញាណជាតិ
កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៦ ខែឧសភាបានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥–២០២៦ ដែលបានធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅ វត្តកំពង់ធំ ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ពិធីនេះមានការនិមន្តជាកិត្តិយសពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះអគ្គាធិការរង ព្រមទាំងព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រមជាមួយសាមណេនសិស្សជាច្រើនរូប។
ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំរបស់មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ ព្រមទាំងសាលាគណខេត្ត ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពុទ្ធិកសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរព្រះសង្ឃ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់លើការលើកស្ទួយសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានសម្រាប់ការរក្សាទុកអរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
ឯកឧត្តមបន្តថា វិស័យពុទ្ធិកសិក្សាបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលកុលបុត្រដែលបានចូលបួសក្លាយជាធនធានមនុស្សមានចំណេះដឹង និងស្មារតីស្មោះត្រង់ ចូលរួមថែរក្សាប្រពៃណី និងវប្បធម៌ខ្មែរ តាមគន្លងព្រះពុទ្ធសាសនា។ ហេតុនេះការបន្តពង្រឹងវិស័យពុទ្ធិកសិក្សានេះ គឺជាការចាំបាច់ទាំងក្នុងទីក្រុង និងជនបទ៕




ដោយ៖ប៊ុនរដ្ឋា