ខណៈរដូវវស្សាចូលមកដល់ អាជ្ញាធរខេត្តបាត់ដំបងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យត្រៀមបង្ការគ្រោះថ្នាក់បង្កដោយធម្មជាតិ
បាត់ដំបង៖លោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ក៏ដូច ជាបណ្ដាស្រុកដទៃទៀតដែលតែងតែរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះ មហន្តរាយផ្សេងៗនៅរដូវវស្សានោះ សូមមានការប្រុងប្រយ័ត្ន បង្ការ ទុកជាមុន។
ក្នុងពិធីផ្តល់អំណោយរបស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារនៅស្រុកសំឡូត ក្នុងសប្ដាហ៍នេះនាបរិវេណវត្តតាសាញថ្មី នៃស្រុកសំឡូត លោកស្រី កែវ ដាណា អភិបាលរងខេត្តថ្លែងអំណរគុណដល់លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបង ដែល តែងតែយកចិត្តទុកដាក់ និងបាននាំយកនូវអំណោយផ្ដល់ជូនប្រជាពលរដ្ឋដែលជាគ្រួសារងាយរងគ្រោះ។ស្របពេលដែលរដូវវស្សាកាន់តែខិតជិតចូល មកដល់ និងកំពុងតែមានភ្លៀងធ្លាក់ជាបណ្ដើរៗផងនោះ លោកស្រីអភិបាលរង ខេត្តបាត់ដំបងបានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារសុខសុវត្ថិភាព និងត្រៀមបង្ការនូវ គ្រោះថ្នាក់កើតឡើង ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ទឹកភ្លៀងនិង គ្រោះ មហន្តរាយផ្សេងៗ ដោយសារស្រុកសំឡូត តែងតែប្រឈមនឹងបញ្ហាទាំងនេះ ជារៀងរាល់ឆ្នាំ៕





អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប.