ខណៈរដូវវស្សាចូលមកដល់ អាជ្ញាធរខេត្តបាត់ដំបងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យត្រៀមបង្ការគ្រោះថ្នាក់បង្ក​ដោយធម្មជាតិ

បាត់ដំបង៖លោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបងបាន​ក្រើនរំលឹក​ដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ក៏ដូច ជាបណ្ដាស្រុកដទៃទៀតដែលតែងតែរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះ មហន្តរាយផ្សេងៗនៅរដូវវស្សានោះ សូមមានការប្រុងប្រយ័ត្ន បង្ការ ទុកជាមុន។

ក្នុងពិធីផ្តល់អំណោយរបស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារនៅស្រុកសំឡូត​ ក្នុងសប្ដាហ៍នេះ​នា​បរិវេណ​វត្តតា​សាញ​ថ្មី នៃស្រុកសំឡូត លោកស្រី កែវ ដាណា អភិបាលរងខេត្ត​ថ្លែងអំណរគុណដល់លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបង ដែល តែងតែយកចិត្តទុកដាក់ និងបាននាំយក​នូវអំណោយផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដែលជាគ្រួសារងាយរងគ្រោះ។ស្របពេលដែលរដូវវស្សាកាន់តែខិតជិតចូល មកដល់ និងកំពុងតែមាន​ភ្លៀង​ធ្លាក់​ជាបណ្ដើរៗផងនោះ លោកស្រីអភិបាលរង ខេត្តបាត់ដំបងបានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់​មូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារសុខសុវត្ថិភាព និងត្រៀមបង្ការនូវ គ្រោះថ្នាក់​កើត​ឡើង ដែល​បណ្ដាលមកពីគ្រោះទឹកជំនន់ទឹកភ្លៀងនិង គ្រោះ មហន្តរាយផ្សេងៗ ដោយសារស្រុក​សំឡូត តែងតែប្រឈម​នឹងបញ្ហាទាំងនេះ ជារៀងរាល់ឆ្នាំ៕

អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប.

ads banner