ពលរដ្ឋជួបការលំបាក១៥០គ្រួសារ នៅក្នុងស្រុកមោងឫស្សី បានទទួលអំណោយរាជរដ្ឋាភិបាល

បាត់ដំបង៖ប្រជាពលរដ្ឋជួបការលំបាកចំនួន១៥០គ្រួសារនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ទទួលបានអំណោយ​រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងក្នុងសប្ដាហ៍នេះ។

ក្នុងពិធីចែកអំណោយដែលប្រព្រឹត្តទៅនៅបរិវេណសាលាឃុំឫស្សីក្រាំង ស្រុកមោងប្ញស្សី លោកស្រី កែវ ដាណា អភិបាលរងខេត្ត តំណាងឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់លោក ឡុង សុភឺន អភិបាល​ស្ដីទីស្រុកមោងឫស្សី លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ដែលតែង​តែគិតជានិច្ចដល់ប្រជាពលរដ្ឋ​ជួបការលំបាកខ្វះខាតខ្លាំង ហើយក៏មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។

លោកស្រីអភិបាលរងខេត្តបានគូសបញ្ជាក់បន្ថែមថារាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ របស់​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏មិនខុសពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែល សម្ដេចតែងតែ​គិតគូរនិងយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការអ្វីនោះ​ឡើយ។

លោកស្រី កែវ ដាណា បានបញ្ជាក់ទៀតថា មន្ទីរសង្គមកិច្ចតាមរយៈគោលនយោបាយរបស់រាជ​រដ្ឋាភិបាលបាន​យកចិត្ត​ទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner