អគ្គមេបញ្ជាការ៖ សភាពការណ៍នៅតំបន់ព្រំដែន មានភាពស្ងប់ស្ងាត់ល្អប្រសើរ ខុសពីការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គម
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេម រភូមិន្ទ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង គឺមានសភាពស្ងប់ស្ងាត់ល្អ ដែលខុសពីការការចែកចាយព័ត៌មានមួយចំនួននៅក្នុងបណ្តាញសង្គម។ ការបញ្ជាក់នេះ នៅក្នុងពិធីចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ពីជំនួបរវាងថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៧ (GBC) នាទីក្រុងបាងកក ដែលបានបង្ហាញពីឆន្ទៈនិងជំហររួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបន្តរក្សាសន្តិភាព សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។
ក្នុងពិធីចែកអាវភ្លៀងនេះដែរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំពោះកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការការពារបូរណភាពទឹកដី ការពារសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យបន្តនូវទំនាក់ទំនងល្អជាមួយកងកម្លាំងប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ រក្សាគោលជំហរស្មារតីនឹងនរក្នុងកិច្ចការពារជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងមាននៅពេលនេះ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ពលជ័យ




