សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធាន​ព្រឹទ្ធ​សភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី

(ហ្សាការតា)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ ឯកឧត្ដម បានចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជា ដោយសារសម្ដេចតេជោ បានដឹកនាំកម្ពុជា តាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានថ្លែងអរគុណចំពោះ ឯកឧត្តម​ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ដែលបានសម្ដែងនូវការស្វាគមន៍យ៉ាងក​ក់​ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ នៅក្នុងឱកាសនេះ ដែល​បាន​អនុញ្ញាតក៏ដូចជាបានជួបជជែកគ្នា ផ្លាស់ប្ដូរយោបល់គ្នា លើក​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោ បានរំលឹកថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលសម្ដេច​តេ​ជោ បានមកទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនេះ ជាច្រើនដង ដើម្បីចរចា ។ ដូច្នេះមិនអាចកាត់ផ្ដាច់នូវទំនាក់ទំនង ក៏ដូចជាការ​ជួយជ្រោមជ្រែងរបស់ឥណ្ឌូនេស៊ី បានទេ ហើយឥណ្ឌូនេស៊ី ក៏បាន​រួមចំណែកនៅក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ ។

សម្ដេចតេជោ ក៏បានរំលេចនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមកដល់ពេលនេះ មានរយៈពេលជាង ៦៥ឆ្នាំមកហើយ ។ សម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ដែលបន្ត​មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងមាន​ភាព​ប្រសើរជាលំដាប់ ។ ក្នុងជំនួបនេះ សម្ដេចតេជោ​ក៏បានជំរុញដល់​ប្រ​ទេស​ទាំងពីរឱ្យបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យបាន​ច្រើនថែម​ទៀត ។ សម្ដេចតេជោ ក៏បានស្នើឱ្យ​ឯកឧត្តម​ប្រធានព្រឹទ្ធសភា ជំរុញ​ឲ្យរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាង​ណាជំរុញពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរឲ្យមានការកើនឡើងបន្ថែមទៀត ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីការ​ចូលរួមដ៏សកម្មក្នុងព្រឹទ្ធសភារវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរ បានលើកឡើងនៅគំនិតរួមមួយដូចគ្នា ដែលជាគំនិតថ្មី គឺការបង្កើត​ឲ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភា នៅក្នុងតំបន់អាស៊ាន ។ សម្ដេចថា វាជាការចាំបាច់ណាស់ដែលព្រឹទ្ធសភានៅក្នុងតំបន់​អាស៊ាន​ដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការពង្រឹងនៅទំនាក់ទំន​ងមិត្តភាព ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ។ សម្ដេចតេជោថា នៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះស្រាប់ គឺជាលេខា​ធិការដ្ឋានអាស៊ាន ដូច្នេះយើងអាចបង្កើតនូវគំនិតមួយនេះ ដើម្បីឲ្យ​មានការគាំទ្រ ហើយរៀបចំនូវវេទិកានេះឡើង ។

ទស្សនទានរបស់សម្ដេចតេជោ ត្រូវបានឯកឧត្ដម ប្រធានព្រឹទ្ធ​សភា​ឥណ្ឌូណេស៊ី គាំទ្រ ១០០% ចំពោះការបង្កើតឲ្យមានវេទិកាកិច្ចប្រជុំ​កំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាន នេះ ដោយឯកឧត្តមបានរំលេច​ថា វេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាននេះ ហ្នឹងដើរ​តួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនៅក្នុងតំបន់អាស៊ាន ក៏ដូចជាការបង្ហាញនូវតួនាទីរបស់ព្រឹទ្ធសភា បន្ថែមទៀត ក្នុងការ​ដោះ​ស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែល្អប្រសើរ​គ្រប់ផ្នែក ។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ និងឯកឧត្ដមប្រធានព្រឹទ្ធសភា​ឥណ្ឌូ​ណេ​ស៊ី ក៏បានពិភាក្សាពីបញ្ហាសង្គ្រាមពាណិជ្ជកម្មភ្ជាប់ភូមិសាស្ត្រ​នយោបាយ ដែលកំពុងកើតមានសព្វថ្ងៃនេះ ។ បញ្ហានេះ សម្ដេច​តេជោ បានលើកជាគំនិតឱ្យប្រទេសក្នុងតំបន់អាស៊ានពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្មជាមួយគ្នា និងស្វែងរកទីផ្សារថ្មីជាមួយគ្នាបន្ថែមទៀត ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញឯកឧត្ដម​ប្រធាន​ព្រឹទ្ធ​សភា​ឥណ្ឌូណេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយ​ឯកឧត្ដម ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានទទួលយកការអញ្ជើញ​នេះ ដោយ​រីករាយ ហើយសន្យាថា នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner