ខេត្តកំពង់ឆ្នាំង ជាខេត្តទី៦ ដែលបញ្ចប់ការវាស់វែងដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសជា ខេត្តបញ្ចប់ ការ វាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងរៀបចំប្រគល់​បណ្ណ​កម្ម​សិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ក្នុងស្រុកចំនួន៤ គឺស្រុករលាប្អៀរ កំពង់ត្រឡាច សាមគ្គីមានជ័យនិងស្រុកកំពង់លែង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និង​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋដែលត្រូវទទួលបាន​បណ្ណ​កម្មសិទ្ធិដីធ្លី បានបង្ហាញពីក្តីរំភើបរីករាយដែលទទួលបាន​បណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ដែលបណ្ណនេះពិតជាមានសារៈ​សំខាន់បង្ហាញពីសិទ្ធិស្របច្បាប់ពេញលេញក្នុងការកាន់កាប់ដីធ្លី បញ្ចប់វិវាទដីធ្លី និងមានអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចគ្រួសារ​និងសេដ្ឋកិច្ចជាតិ។ គាត់បានថ្លែងអំណរគុណដល់​រាជរដ្ឋាភិបាល​និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរនិង​មន្ត្រីជំនាញពាក់ព័ន្ធ​ទាំងអស់ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានចាត់មន្ត្រីជំនាញ និងក្រុមយុវជនចុះយុទ្ធនាការចុះបញ្ជីដីធ្លី​នៅទូទាំងប្រទេសនិងឈានដល់ការបញ្ចប់វិវាទដីធ្លីរួមជាមួយការដាក់ចេញនូវការផ្ដល់សេវាសាធារណៈគាប់ចិត្តជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំមកនូវការផ្ដាំផ្ញើ​អបអរ​សា​ទរ និងសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក​ស្រលាញ់​រាប់​អានពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋទាំងអស់​ក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ​និង​ថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំប្រឹងប្រែង​បំពេញ​ភារកិច្ចដោយមិនខ្លាចនឿយហត់នៅក្នុងការងារចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះមានប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណនិងកោតសរសើរ​ដល់​ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់​និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្រុមយុវជននិងអ្នកស្ម័គ្រចិត្តទាំងអស់​ដែលបានចូលរួមសហការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រកបដោយស្មារតីទទួលខុសត្រូវ ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានចាត់ទុកការពុះពារនិងការប្ដេជ្ញារបស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថាពិតជាបាន​បំផុស​គំនិតដល់មន្ត្រីរាជការនិងប្រតិបត្តិករកិច្ចការសុរិយោដីទាំងអស់ ទាំងនៅក្នុងក្រសួងថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់ក្រោមជាតិ ឱ្យឈ្មុស​ឈ្មុលអនុវត្តមុខជំនាញរបស់ខ្លួនដោយស្មារតីមោះមុតប្រកបដោយការទទួលខុសត្រូវ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះ​លទ្ធផល​ដែលសម្រេចបានក្នុងវិស័យសុរិយោដី ដែលផលជាវិជ្ជមាន​បាន​មកពីការចុះបញ្ជីបណ្ណកម្មសិទ្ធិ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋ​នាពេលនេះ មានលក្ខណៈអំណោយផលក្រៃលែងចំពោះម្ចាស់ដី ពីព្រោះបណ្ណកម្មសិទ្ធិដីធ្លីនេះមានប្រយោជន៍ណាស់ គឺផ្ដល់សន្តិសុខ​ផ្លូវចិត្តដោយសារមានការធានាច្បាស់លាស់ពីរដ្ឋ ថាដីធ្លីរបស់ខ្លួនមាន​លក្ខណៈស្របច្បាប់ពិតប្រាកដ និងអាចចាត់ចែងបានតាមការ​សម្រេ​ច​របស់ខ្លួនជាម្ចាស់ដី, កាត់បន្ថយបាននូវទំនាស់ដីធ្លី និងជាទ្រព្យដ៏​មាន​តម្លៃសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិផងដែរ ៕

ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner