អ៊ីស្រាអែល បំផ្លាញយេម៉ែនអស់ ៥០០លានដុល្លារ
សាណាអា ៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើព្រលានយន្តហោះក្នុងរដ្ឋធានីសាណាអា គ្រប់គ្រងដោយក្រុមហ៊ូទីរបស់យេម៉ែន បានបំផ្លាញអគារ និងបង្កការខូចខាតប្រហែល ៥០០លានដុល្លារ។
នាយកប្រតិបត្តិព្រលានយន្តហោះ លោក Khaled alShaief បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកា X ថា ព្រលានយន្តហោះបានផ្អាកជើងហោះហើរទាំងអស់ រហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីមានការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។
លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways បានបាត់បង់យន្តហោះចំនួន ៣គ្រឿង ហើយគិតមកទល់ពេលនេះ យន្តហោះសរុបចំនួន ៦គ្រឿងត្រូវបានបំផ្លាញ។
លោកនាយកប្រតិបត្តិបន្ថែមថា យើងមានជម្រើសបើកព្រលានយន្តហោះឡើងវិញជាបណ្តោះអាសន្ន តែយើងប្រហែលត្រូវការពេលយូរ ដើម្បីជួសជុល និងស្តារប្រតិបត្តិការឡើងវិញទាំងស្រុង។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់មីស៊ីលវាយប្រហារព្រលានយន្តហោះ Ben Gurion ក្នុងក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

