អាមេរិក-ចិន នឹងជួបគ្នាដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្ម ក្នុងសប្តាហ៍នេះ

បរទេស ៖ មន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានព្រមព្រៀងជួបគ្នា រកដំណោះស្រាយចំពោះសង្គ្រាមពាណិជ្ជកម្ម នៅក្នុងសប្តាហ៍នេះហើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិន បានរាយការណ៍ថា ទីក្រុងប៉េកាំង បានសម្រេចចិត្ត ចូលតុចរចា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបានពិចារណា យ៉ាងពេញលេញ និងមានការអំពាវនាវពីក្រុមធុរកិច្ចអាមេរិក ព្រមទាំង ដើម្បីជាការឆ្លើយតប នឹងការទទូចជាកម្រិតសកល ឲ្យមានជំនួបចរចានេះ។

របាយការណ៍ បានបន្ថែមថា ប្រទេសចិនបើកចំហ សម្រាប់កិច្ចចរចា ប៉ុន្តែ បានរំលឹកឡើងវិញថា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចចិត្ត បន្តប្រយុទ្ធនឹងសង្គ្រាមពាណិជ្ជកម្មនេះ ខ្លួននឹងតស៊ូដល់ទីបញ្ចប់។

ក្រសួងការបរទេសចិន បានប្រាប់ថា ជំនួបកម្រិតខ្ពស់នេះ នឹងរៀបចំឡើង នៅប្រទេសស្វីស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ឧសភា ដោយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នឹងដឹកនាំការចរចា ជាមួយមន្ត្រីអាមេរិក។ រីឯក្រសួងហិរញ្ញវត្ថុអាមេរិកវិញ បានប្រាប់ថា លោក រដ្ឋមន្ត្រី Scott Bessent នឹងដឹកនាំគណៈប្រតិភូ តំណាងឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចូលរួម នៅក្នុងកិច្ចប្រជុំនេះ។

យ៉ាងណាមិញ ក្រុមអ្នកជំនាញពាណិជ្ជកម្មពិភពលោក បានប្រាប់ BBC ថា ការចរចាសង្គ្រាមពាណិជ្ជកម្មនេះ នឹងចំណាយពេល ជាច្រើនខែ។

គួរបញ្ជាក់ថា ក្នុងសង្គ្រាមពន្ធនេះ រដ្ឋបាលរបស់លោក ប្រធានាធិបតី Donald Trump បានដាក់ពន្ធនាំចូលលើទំនិញរបស់ចិន រហូតដល់១៤៥% ហើយ ទីក្រុងប៉េកាំង បានវាយបកវិញ ជាមួយនឹងការយកពន្ធ លើទំនិញមួយចំនួន ពីសហរដ្ឋអាមេរិក រហូតដល់១២៥%។ សង្រ្គាមពាណិជ្ជកម្មនេះ បានបង្កឱ្យមានភាពចលាចល នៅក្នុងទីផ្សារហិរញ្ញវត្ថុ និង បង្កការភ្ញាក់ផ្អើល ពាសពេញពាណិជ្ជកម្ម ពិភពលោក៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner