ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រថ្មីមួយទៀត ដែល​បាន​បញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ នៅក្នុងខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd ដែលមានទីតាំងនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល (បំបែកពីឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញថា បានបញ្ចេញ​សំណល់​រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយ​ប្រមាណ៧គ.ម ចាប់ពីទីតាំង​ក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។

យោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោមខ្សែទឹក (ក្រោយទីតាំងក្រុមហ៊ុន) បញ្ជាក់ថាបានរង​ផល​ប៉ះ​ពាល់ដល់ការរស់នៅ ដូចជាទឹកបង្កឱ្យមានអាការៈរមាស់ មានត្រី​ងាប់ និងមិនអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំបាន​ផង​ដែរ បណ្តាលមកពីក្រុមហ៊ុនខាងលើបាន បង្ហូរសំណល់រាវ ប្រមាណ ២ឆ្នាំមកហើយ។ ប្រជាពលរដ្ឋ បានជីកស្រះឬទិញទឹក​គេមកប្រើ​ប្រាស់។

តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ ប្រព័ន្ធអូរ​ធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត pH និង DO ធ្លាក់ទាប​ខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។ ក្រុមការងារបានយកសំណាកទឹក ចំនួន៤ទីតាំង មកវិភាគនិងអនុវត្តនីតិវិធីច្បាប់បន្ត។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុនបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសផ្ទុយនឹងច្បាប់ ដោយបានបំពុលអូរធម្មជាតិ ដូចដែលក្រុមការងារជំនាញបរិស្ថាន បានរកឃើញ និងសន្យាទទួលយក ការកែលម្អបច្ចេកទេស ឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុម​ការ​ងារក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រី​នៃមន្ទីរបរិស្ថាន​ខេត្ត​កំពង់ស្ពឺ និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល និងអ្នកពាក់ព័ន្ធ បាន​ចុះត្រួតពិនិត្យករណីបំពុលទឹក អូរធម្មជាតិ ដោយក្រុមហ៊ុន​កែច្នៃ​ស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd.។

ចំពោះករណីនេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់ ដូចតទៅ÷
១- យោងតាមមាត្រា ២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ រោងចក្រត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវចេញពីសង្វាក់ផលិតកម្ម​ជា​បន្ទាន់។ ក្នុងករណីនៅបន្ត ត្រូវបានដកហូតរាល់លិខិតអនុញ្ញាត ដែលចេញដោយក្រសួងបរិស្ថាន។
២- ត្រូវទទួលរងការពិន័យអន្ដរការណ៍យោងតាម មាត្រា១៥៩ មាត្រា១៦០ មាត្រា២៨៧ និងមាត្រា៨២៩ នៃក្រមបរិស្ថាន និង​ធនធានធម្មជាតិ ។
៣-ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាននិងសុខភាព​សាធា​រណៈ ទៅតាមការគណនារបស់ក្រុមការងារជំនាញ យោង​តាម​មាត្រា ១៦២ នៃក្រមបរិស្ថាននិងធនធានធម្នជាតិ ។
៤- ត្រូវស្ដារបរិស្ថានឡើងវិញ ស្តារភក់ និងសំណល់រាវក្នុង​អូរចោត​ឱ្យបានល្អប្រសើរ ចៀសវាងបង្កការបំពុលជាបន្ដទៀត​យោង​តាម​មាត្រា ៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ។
៥- ត្រូវដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹម​ត្រូវតាមលក្ខណៈបច្ចេកទេស ឆ្លើយតបនឹងស្ដង់ដារកំណត់ឱ្យបញ្ចេញ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ យោងតាមមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ
៦- ត្រូវរៀបចំរោងសម្រាប់ស្ដុកសំណល់ភក់ និងត្រូវសហការជា​មួយ​ក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំណល់​ភក់ចេញពីទីតាំងក្រុមហ៊ុន។
៧- ត្រូវសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ស្ថិតក្នុងដែនសមត្ថកិច្ចដឹកជញ្ជូនសំណល់សំបក និងគ្រាប់ស្វាយ ចេញពីទីតាំងក្រុមហ៊ុន និងស្នើឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តាមដានការអនុវត្តការងារនេះ។
៨- ត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានរៀងរាល់ ០៦ខែម្ដង និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ ពីក្រសួងបរិស្ថាននិង ត្រូវបង់មូលនិធិបរិស្ថាន និងសង្គម និងមូលនិធិទាយជ្ជទានបរិស្ថានឱ្យបានទៀងទាត់។

ចាប់ពីឆ្នាំ២០២៤ រហូតដល់ពេលនេះ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៩ទីតាំង នៅខេត្តប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពត និង​ខេត្ត​ព្រះសី​ហនុ ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់​ដារ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ។ ជាលទ្ធផល មាន​រោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការណ៍បច្ចេកទេសរួចរាល់។ ជាមួយគ្ននេះ រោងចក្រ និង​ក្រុម​ហ៊ុន ចំនួន១៦ ទីតាំង កំពុងអនុវត្តវិធានការច្បាប់ និងវិធានការ​បច្ចេក​ទេស ឱ្យបានត្រឹមមត្រូវ និងមានរោងចក្រចំនួន៦ ផ្សេងទៀត ទើបរកឃើញថ្មីៗកន្លងមកនេះ ហើយក្រសួងបរិស្ថាន កំពុងរៀបចំ​នីតិវិធី ដើម្បីចាត់វិធានការច្បាប់ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner