Trump នឹងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ យប់នេះ
បរទេស ៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ» នឹងត្រូវប្រកាស នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកនឹងប្រកាស «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់» នៅថ្ងៃព្រហស្បតិ៍ ជាមួយនឹង «ប្រទេសធំ និងមានការគោរពខ្ពស់»។
អំឡុងការប្រកាស លើវេទិកាសង្គមផ្លូវការ លោក Trump បាននិយាយថា លោកនឹងប្រកាសកិច្ចព្រមព្រៀងនេះ នៅម៉ោង១០៖០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងនៅអាមេរិក ឬ ត្រូវនឹងយប់ថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅកម្ពុជា ហើយការប្រកាសនឹងធ្វើឡើង អំឡុងសន្និសីទសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office នៅសេតវិមាន។
លោកប្រធានាធិបតីបាននិយាយថា «វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ» ប៉ុន្តែ លោក Trump មិនបានកំណត់អត្តសញ្ញាណ ប្រទេស នោះទេ។ លោកបានហៅកិច្ចព្រមព្រៀងនេះថា ជា «ទីមួយ ក្នុងចំណោមដៃគូ ជាច្រើន»។
លោក Trump បានដាក់ពន្ធ លើដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ហើយលោកបានអះអាង ជាច្រើនសប្តាហ៍ថា ប្រទេសនានាកំពុងតម្រង់ជួរគ្នា ដើម្បីធ្វើការចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
