សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចខណ្ឌចំការមន បង្រ្កាបជនសង្ស័យពាក់ព័ន្ធករណីឆក់
(ភ្នំពេញ)៖ ដោយទទួលបានបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌមានការដឹកនាំលោក ហួរ ម៉េងហួរ អធិការខណ្ឌចំការមន ដឹកនាំកងកម្លាំងប៉ុស្តិ៍ផ្នែកជំនាញ និងសហការជាមួយលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបបានបន្តបន្ទាប់សរុប ២នាក់ ដែលពាក់ព័ន្ធករណីឆក់កាបូបដៃ កាលពីវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី០៤ ហើយចាប់បាននៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខក្លឹប ULTRA ផ្លូវចៃការក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ហួរ ម៉េងហួន អធិការខណ្ឌចំការមន បានអោយដឹងថា ដោយមានបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងគោលការណ៍បើកការស្រាវជ្រាវក្រោយពីជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង មានជនសង្ស័យ ២នាក់ ជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពឆក់យកកាបូបដៃបានសម្រេច ។
ជនរងគ្រោះ HE KERUI ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិចិន ស្នាក់នៅសណ្ធាគារហ័ងសាន បន្ទប់លេខ៣០៧ ជាន់ទី១៧ ផ្លូវចៃការក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ EJ.6243287 ចុះថ្ងៃទី០៨.១១.២០២៣។ សម្ភារៈបាត់បង់ក្នុងកាបូប មានលិខិតឆ្លងដែនចំនួន ០២ក្បាល អត្តសញ្ញាណបណ្ណសញ្ញាតិចិន០២សន្លឹក បណ្ណបើកបរ ១ បណ្ណការងារកម្ពុជា ១ បណ្ណឥណពន្ធហុងកុង ១ ។
លោកអធិការបញ្ជាក់ថា នៅរសៀលថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥ បានសហការជាមួយលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានអោយកងកម្លាំងផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍ ដើម្បីចាប់ខ្លួនជនសង្ស័យនៅចំណុចបន្ទប់ជួលសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានម្នាក់ និងបន្តចាប់ជនសង្ស័យម្នាក់ទៀតសរុប ២នាក់ ពាក់ព័ន្ធឆក់កាបូបជនបរទេស និងម្នាក់ជិះបិទគូទ។
ជនសង្ស័យបង្ក្រាបបាន ១.ឈ្មោះ គឿន គុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដេីមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)។ ២.ឈ្មោះ លី ហ្វាសុី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាមស្នាក់នៅផ្ទះលេខ១០០៦ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
វត្ថុតាងចាប់យកមាន ម៉ូតូចំនួន ០២គ្រឿង ម៉ាកស្គុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JC-4086 និងម៉ាកហុងដាសេ១២៥ ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1LI-8243 កូនកាបូបដៃធ្វេីអំក្រណាត់ពណ៍ប្រផេះចំនួន០១. លិខិតឆ្លងដែនចំនួន០២ក្បាល កាតការងារជនបរទេសចំនួន០១ អត្តសញ្ញាណបណ្ណប្រជាជនចិនចំនួន០៣សន្លឹក និងបណ្ណបេីកបរជនបរទេសចំនួន០១សន្លឹក រួចនាំខ្លួនជនសង្ស័យទាំង ០២នាក់ យកមកកាន់មកផ្នែកជំនាញអធិការដ្ឋានសួរនាំ និងការតាមនិតិវិធីច្បាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការបន្ត ៕
ដោយ ៖ វណ្ណលុក


