ហ៊ូធីឈប់បាញ់នាវាអាមេរិក តែបន្តទម្លាក់ដ្រូនលើអ៊ីស្រាអែល

បរទេស ៖ ក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែន បានអះអាងថា ខ្លួនទើបបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ Drone ចំនួនពីរគ្រឿង ទៅលើប្រទេសអ៊ីស្រាអែល ក្រោយពេលក្រុមនេះថា ឈប់បាញ់ លើនាវាអាមេរិក។

មន្ត្រីម្នាក់បានប្រាប់ AFP កាលពីថ្ងៃពុធថា ក្រុមឧទ្ទាមហ៊ូធី របស់យេម៉ែន នឹងបន្តកំណត់គោលដៅ លើកប៉ាល់អ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម បើទោះបីជា មានបទឈប់បាញ់ ដែលបានបញ្ចប់សប្តាហ៍នៃការវាយប្រហារដ៏ខ្លាំងក្លា របស់សហរដ្ឋអាមេរិក ទៅលើក្រុម ដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ ក៏ដោយ។

ក្រុម Huthis បានយល់ព្រមបញ្ឈប់ ការបាញ់ប្រហារលើកប៉ាល់ ដែលកំពុងធ្វើដំណើរលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ នៅឆ្នេរសមុទ្ររបស់ពួកគេ។ តែ មន្ត្រីជាន់ខ្ពស់ ហ៊ូធី បានប្រាប់ AFP ថា អ៊ីស្រាអែលត្រូវបានដកចេញពីកិច្ចព្រមព្រៀងនេះ។

លោក Abdulmalik Alejri សមាជិក នៃការិយាល័យនយោបាយ Huthi បានប្រាប់ AFP ថា «ផ្លូវទឹកមានសុវត្ថិភាព សម្រាប់កប៉ាល់អន្តរជាតិទាំងអស់ លើកលែងតែ នាវារបស់អ៊ីស្រាអែល»។
លោកបាននិយាយថា «អ៊ីស្រាអែលមិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងនោះទេ វាមានតែសម្រាប់នាវាអាមេរិក និងនាវាដទៃទៀត ប៉ុណ្ណោះ»។

ពួក Huthis ដែលបានគ្រប់គ្រងតំបន់ដ៏ធំ នៃប្រទេសយេម៉ែន អស់រយៈពេលជាងមួយទស្សវត្ស បានចាប់ផ្តើមបាញ់ប្រហារលើការដឹកជញ្ជូន ដែលភ្ជាប់ដោយអ៊ីស្រាអែល នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្មានសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់។

ពួកគេបានពង្រីកយុទ្ធនាការ កំណត់គោលដៅវាយប្រហារលើនាវាដែលភ្ជាប់ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បន្ទាប់ពីការវាយប្រហារដោយយោធា របស់ប្រទេសទាំងពីរ បានចាប់ផ្តើម នៅក្នុងខែមករា ឆ្នាំ២០២៤៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner