វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនូវផលិតផលសហគ្រាសកម្ពុជា-ចិន
បាត់ដំបង៖នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំបើកនូវព្រឹត្តិការណ៍ផ្សព្វផ្សាយនូវផលិតផលសហគ្រាសកម្ពុជា-ចិនក្រោមប្រធានបទ៖ “វិទ្យាស្ថានខុងជឺស្ថាបនាស្ពានវប្បធម៌សហគ្រាសចិនពង្រីកផ្លូវពាណិជ្ជកម្ម និងសេដ្ឋកិច្ច” ។
លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ពិធីផ្សព្វផ្សាយផលិតផលសហគ្រាសកម្ពុជា-ចិននាពេលនេះ មិនត្រឹមតែជាវេទិកាដែលអនុញ្ញាតឱ្យសហគ្រាសចិន មានឱកាសបានបង្ហាញនូវផលិតផលថ្មីៗនិងបច្ចេកវិទ្យាចុងក្រោយ និងសេវាកម្ម ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាការបង្កើននូវការទំនាក់ទំនង និងសហការអភិវឌ្ឍន៍ រវាង សហគ្រាសកម្ពុជា-ចិន ផងដែរ។
លោកអភិបាលស្រុកបន្តថា ការចូលរួមរបស់សហគ្រាសចិន និងការដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនពេលនេះ គឺបង្ហាញពីការជឿជាក់លើសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ជាពិសេសស្រុករតនមណ្ឌលដែលមានសក្តានុពលយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងលើវិស័យកសិកម្ម វិស័យរោងចក្រសហគ្រាសនានា។
អញ្ជើញចូលរួមក្នុងឱកាសនេះដែរ លោក ឈីន ឆាងជីន(Qin chang jin)ប្រធានសហគ្រាស បៃ ស៊ីង សេង និងជាតំណាងសហគ្រាសចិនបានថ្លែងថា វិទ្យាស្ថានខុងជឺ គឺជាតំណភ្ជាប់ដ៏សំខាន់មួយ ក្នុងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសចិននិងកម្ពុជា ។វិទ្យាស្ថានមិនត្រឹមតែផ្ដល់ចំណេះដឹងភាសាចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវឱកាស និងបើកទ្វារសម្រាប់និស្សិតឱ្យទទួលបាននូវឱកាសការងារខ្ពស់ នៅក្នុងសហគ្រាសចិនធំៗ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង ។
ទាក់ទងនឹងការរៀបចំនូវព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលសហគ្រាសកម្ពុជា-ចិន លោក ឈីន ឆាងជីនបានគូសរំលេចថា ជាចំណុចចាប់ផ្ដើមមួយថ្មីនិងដើម្បីឈានទៅសម្រេចនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងផលប្រយោជន៍រវាងដៃគូទៅវិញទៅមក និងបានរួមចំណែកលើកកម្ពស់ចំណងមិត្តភាពដ៏រឹងមាំ និងសេដ្ឋកិច្ចកម្ពុជា-ចិនឱ្យកាន់តែរីកចម្រើនថែមទៀត៕





អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.