ក្រសួងវប្បធម៌ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារដើម្បី​ពិនិត្យវឌ្ឍនភាពការងារ

ភ្នំពេញ៖លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា​ភិបាលអាជ្ញាធរជាតិព្រះវិហារបាន​អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៤ ។

ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមផង​ពីសមាជិក​ក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក​ជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោល​បំណង​ដើម្បីពិនិត្យវឌ្ឍន​ភាពការងារ​របស់អាជ្ញាធរ​ជាតិព្រះវិហារ ដែលជា​សេនាធិការផ្ទាល់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបំពេញបេសកកម្ម​លើកិច្ចការ​ពារ​គ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានបេតិកភណ្ឌ​ពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ។

កិច្ចប្រជុំបានពិភាក្សាអនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន​៥រួមមាន៖ ១.របាយការណ៍ លទ្ធផលអនុវត្ត​អនុសាសន៍កិច្ចប្រជុំក្រុម​ប្រឹក្សា​ភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លើកទី៣ ។ ២.របាយការណ៍​លទ្ធផល​ការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ដើមឆ្នាំ២០២៥ ។ ៣. របាយការណ៍លទ្ធផលអនុវត្តគម្រោង​មូលនិធិអង្គរ​ឆ្នាំ២០២៤-២០២៥ ។ ៤. សំណើសុំអនុម័ត និងទី៥. បញ្ហាផ្សេងៗ ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែល​មានឈ្មោះថា អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍ រមណីយដ្ឋានវប្បធម៌ធ​ម្មជាតិតំបន់ព្រះវិហារ សរសេរកាត់ជាភាសាខ្មែរ “អ.ជ.ព.វ.” ហៅកាត់ថា “អាជ្ញាធរជាតិ​ព្រះវិហារ” និងជាភាសាអង់គ្លេស “National Authority for Preah Vihear” សរសេរកាត់ថា “NAPV” ស្ថិតក្រោមអាណា​ព្យាបាល​បច្ចេកទេស​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថិតក្រោមអាណាព្យាបាល​ហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner