ក្រសួងវប្បធម៌ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារដើម្បីពិនិត្យវឌ្ឍនភាពការងារ
ភ្នំពេញ៖លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៤ ។

ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមផងពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលជាសេនាធិការផ្ទាល់ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបំពេញបេសកកម្មលើកិច្ចការពារគ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ។

កិច្ចប្រជុំបានពិភាក្សាអនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៥រួមមាន៖ ១.របាយការណ៍ លទ្ធផលអនុវត្តអនុសាសន៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លើកទី៣ ។ ២.របាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ដើមឆ្នាំ២០២៥ ។ ៣. របាយការណ៍លទ្ធផលអនុវត្តគម្រោងមូលនិធិអង្គរឆ្នាំ២០២៤-២០២៥ ។ ៤. សំណើសុំអនុម័ត និងទី៥. បញ្ហាផ្សេងៗ ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានឈ្មោះថា អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍ រមណីយដ្ឋានវប្បធម៌ធម្មជាតិតំបន់ព្រះវិហារ សរសេរកាត់ជាភាសាខ្មែរ “អ.ជ.ព.វ.” ហៅកាត់ថា “អាជ្ញាធរជាតិព្រះវិហារ” និងជាភាសាអង់គ្លេស “National Authority for Preah Vihear” សរសេរកាត់ថា “NAPV” ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

