ដាណាម៉ាកនឹងកោះហៅទូតអាមេរិកសួរនាំ រឿងធ្វើចារកម្មលើកោះ Greenland

កូប៉ិនហាក់ ៖ ប្រមុខការទូតដាណឺម៉ាកនឹងកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសខ្លួន មកស្រាយបំភ្លឺ បន្ទាប់ពីមានរបាយការណ៍ថា ទីភ្នាក់ងារចារកម្មអាមេរិកបានទទួលបញ្ជាឱ្យផ្តោតលើកោះ Greenland ចំពេលលោកប្រធានាធិបតី Donald Trump មានផែនការក្រសោបយកកោះយុទ្ធសាស្រ្តមួយនេះ។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Løkke Rasmussen និយាយថា បញ្ហានេះធ្វើឲ្យរូបលោកព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះយើងមិនមែនជាប្រទេសលួចឈ្លបយកការណ៍លើមិត្តភ័ក្ដិទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ទីភ្នាក់ងារចារកម្មអាមេរិកបានទទួលបញ្ជាឱ្យផ្តោតលើកិច្ចខិតខំប្រឹងប្រែងលើចលនាទាមទារឯករាជ្យរបស់ប្រទេសពាក់កណ្តាលស្វយ័តមួយនេះ (កោះ Greenland) និងគោលដៅរបស់អាមេរិកទាញយកធនធានរ៉ែនៅទីនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Tulsi Gabbard បានចោទប្រកាន់កាសែត The Wall Street Journal អំពីការប៉ុនប៉ងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះលោកប្រធានាធិបតី Trump ដោយធ្វើឱ្យបែកធ្លាយរឿងនយោបាយ និង ព័ត៌មានជាតិ។

ស្របពេលដែលមិនបដិសេធរបាយការណ៍នេះ លោកស្រី Gabbard បានចោទប្រកាន់កាសែតអាមេរិកនេះថា បានបំពានច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ រួមទាំងលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។

ដោយឡែក សេវាសន្តិសុខ និងស៊ើបការណ៍សម្ងាត់ដាណឺម៉ាក ហៅកាត់ (PET) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្លួនទទួលស្គាល់ពីចំណាប់អារម្មណ៍របស់អាមេរិកចំពោះកោះ Greenland និង ការគំរាមកំហែងផ្នែកចារកម្មកើនឡើងប្រឆាំងកោះនេះ និងប្រទេសដាណឺម៉ាក។

Greenland ដែលជាកោះធំជាងគេលើពិភពលោក ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់រយៈពេលប្រហែល ៣០០ឆ្នាំមកហើយ។ កោះនេះគ្រប់គ្រងកិច្ចការក្នុងស្រុកដោយខ្លួនឯង ប៉ុន្តែការសម្រេចចិត្តលើគោលនយោបាយការបរទេស និងការពារជាតិរបស់កោះនេះ គឺត្រូវធ្វើឡើងនៅប្រទេសដាណាម៉ាក។

អាមេរិកមានមូលដ្ឋានយោធានៅទីនោះ ចាប់តាំងពីសង្គ្រាមលោកលើកទ២ ហើយបច្ចុប្បន្នលោកប្រធានាធិបតី Trump មានចំណាប់អារម្មណ៍លើរ៉ែកម្ររបស់ផែនដីនៅទីនោះ សម្រាប់វិស័យការពារជាតិ។ ការស្ទង់មតិបង្ហាញថា ភាគច្រើននៃប្រជាជនកោះនេះចង់បានឯករាជ្យផ្តាច់ចេញពីការគ្រប់គ្រងរបស់ដាណឺម៉ាក ប៉ុន្តែគ្មានបំណងចង់ក្លាយជាផ្នែកមួយរបស់អាមេរិកទេ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner