ប៉ាគីស្ថានគំរាមសងសឹក ក្រោយឥណ្ឌាបាញ់មីស៊ីលសម្លាប់ជនស៊ីវិលស្លូតត្រង់របស់ខ្លួន
អ៊ីស្លាម៉ាបាដ ៖ លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Shehbaz Sharif ប្តេជ្ញាសងសឹងឱ្យជនស៊ីវិលស្លូតត្រង់របស់ខ្លួន បន្ទាប់ពីឥណ្ឌាវាយប្រហារមីស៊ីលចូលទៅក្នុងទឹកដីប៉ាគីស្ថាន ក្នុងនោះប៉ាគីស្ថានមានអ្នកស្លាប់ចំនួន ៣១នាក់ រីឯឥណ្ឌាមានចំនួន ១៥នាក់ នៅក្នុងការប៉ះទង្គិចដ៏អាក្រក់បំផុតជាង ២ទសវត្សរ៍ រវាងប្រទេសជិតខាងកាន់កាប់អាវុធនុយក្លេអ៊ែរទាំងពីរ។

លោកនាយករដ្ឋមន្រ្តី Sharif បានថ្លែងសារទៅកាន់ប្រជាជាតិតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធថា យើងសូមសន្យាថា យើងនឹងសងសឹករាល់ដំណាក់ឈាមនៃប្រជាជនស្លូតត្រង់ និងការរំលោភបំពានលើអធិបតេយ្យភាពប៉ាគីស្ថាន ហើយលោកបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ឥណ្ឌាថា មានជំរុំភេរវករនៅលើទឹកដីរបស់ខ្លួន។
មេដឹកនាំប៉ាគីស្ថានរូបនេះបានសង្កត់ធ្ងន់ថា ចំពោះកំហុសឆ្គងដែលឥណ្ឌាបានធ្វើកាលពីយប់មិញ ឥឡូវនេះពួកគេនឹងត្រូវសងវិញ។ ពួកគេប្រហែលជាគេគិតថា យើងនឹងចុះចាញ់ តែគេភ្លេចថា នេះជាជាតិសាសន៍ដ៏ក្លាហាន ដោយលោកបានចាត់ទុកការវាយប្រហារនៅពេលយប់របស់ឥណ្ឌា ថាជាទង្វើ “កំសាក”។
ចំណែករដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានប្រាប់ទូរទស្សន៍ Geo News ថា ទីក្រុងអ៊ីស្លាម៉ាបាដនឹងវាយប្រហារតែលើគោលដៅយោធាឥណ្ឌាប៉ុណ្ណោះ មិនមែនជនស៊ីវិលទេ នៅក្នុងការសងសឹកវិញ។
ការប៉ះទង្គិចប្រដាប់អាវុធរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលជាប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរ បានធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់យ៉ាងខ្លាំង។ ក្រោយការវាយប្រហារមីស៊ីលរបស់ឥណ្ឌាលើទីតាំងចំនួន៩ ក្នុងដែនដីកាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងកន្លែងផ្សេងទៀតនៅប៉ាគីស្ថាន។
ទន្ទឹមគ្នានេះ នៅតាមខ្សែបន្ទាត់នៃតំបន់កាស្មៀគ្រប់គ្រងដោយប៉ាគីស្ថាន និងឥណ្ឌានៅតែបន្តផ្ទុះអាវុធផងដែរ។ ចាប់តាំងពីទទួលបានឯករាជ្យពីអាណានិគមអង់គ្លេសនៅក្នុងឆ្នាំ១៩៤៧ ប្រទេសជិតខាងទាំងពីរដែលស្ថិតនៅតំបន់អាស៊ីខាងត្បូងមានសង្រ្គាមធំៗចំនួនពីរនៅតំបន់កាស្មៀ ហើយមានភាពតានតឹងជាមួយគ្នាជាច្រើន៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
