នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បង្ហាញនូវក្តីដឹងគុណចំពោះកម្ពុជា ដែលបានជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេសតួអង្គសម្តេចតេជោ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាលទីម័រឡេស្តេ ទីក្រុងឌីលី នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានស្វាគមន៏ចំពោះវត្តមានសម្តេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីដឹងគុណចំពោះកម្ពុជា ដែលបានជ្រោមជ្រែងទីម័រឡេស្តេ ឱ្យក្លាយជាប្រទេសសង្កេតការណ៏អាស៊ាននៅឆ្នាំ២០២២ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចមានឱកាសក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។ សម្តេចតេជោ បានរំលេចថា បដិសណ្ឋារកិច្ចនេះ ជាបដិសណ្ឋារកិច្ចមួយ ដែលបានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ សម្តេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា និងទីម័រឡេស្តេ ទោះបីជាទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញ គឺភាគីទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត ទាំងក្របខណ្ឌនយោបាយអន្តរជាតិជាដើម ដែលនេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។
សម្តេចតេជោ បានរំលេចពីចំណុចខ្លាំង និងចំណុចខ្សោយប្រទេសទាំងពីរផងដែរ ដែលសម្តេចតេជោ បញ្ជាក់ថា ទីម័រឡេស្តេមានចំណុចខ្លាំងខាងសន្តិសុខ ថាមពល ប៉ុន្តែខ្សោយខាងស្បៀង ចំណែកកម្ពុជាមានចំណុចខ្លាំង ខាងសន្តិសុខស្បៀង ប៉ុន្តែកម្ពុជាខ្សោយថាមពល។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសទំាងពីរគួរតែពង្រីកនូវកិច្ចសហការ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយសម្តេចតេជោ បានផ្តល់ជាគំនិតបន្ថែមថា ទីម័រឡេស្តេ គួរយកកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារនៅពេលខាងមុខ ហើយសម្តេចតេជោ សង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទំាងពីរ អាចជួបគ្នា និងពិភាក្សាគ្នានៅក្នុង កិច្ចប្រជុំកំពូលអាស៊ានខាងមុខនៅប្រទេសម៉ាឡេស៊ី។ ក្រៅពីនោះសម្តេចតេជោ បានកត់សម្គាល់ពីការពង្រីកបន្ថែមនូវវិស័យអប់រំ និងទេសចរណ៏រវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បញ្ជាក់ជូននាយករដ្ឋមន្ត្រីទីម័រដែរថា សម្តេចបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្ថែមចំនួនអាហារូបករណ៏ដល់និស្សិតទីម័រឡេស្តេ។
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានបង្ហាញនូវការចាប់អារម្មណ៏ចំពោះគំនិតរបស់សម្តេចតេជោ ហើយភាគីទាំងពីរ នឹងជជែក ពិភាក្សាគ្នានៅពេលខាងមុខ។ នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បានរំលេចជាថ្មីម្តងទៀត នូវការអរគុណចំពោះការជួយជ្រោយជ្រែងរបស់កម្ពុជា ជាពិសេសតួអង្គសម្តេចតេជោ។ ឯកឧត្តមនាយករដ្ឋមន្ត្រីរំលេចថា ក្នុងស្ថានភាពនៃបញ្ហាពិភពលោក ស្ថិតក្នុងស្ថានភាពមិនពិតប្រាកដបែបនេះ វាកាន់តែមានសារៈសំខាន់ណាស់ ដែលទីម័រ ត្រូវតែចូលជាសមាជិកអាស៊ាន ដូច្នោះឯកឧត្តមសង្ឃឹមជឿជាក់ថា នៅពេលខាងមុខទីម័រឡេស្តេ នឹងអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ក្រោមការជួយជ្រោមជ្រែងរបស់សម្តេចតេជោ តាំងពីសម្តេចនៅជានាយករដ្ឋមន្ត្រី។
នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបង្ហាញនូវជំនឿមុតមាំដែរថា ប្រទេសនៅក្នុងអាស៊ាន នឹងទទួលយកទីម័រឡេស្តេ ហើយទីម័រឡេស្តេអាចក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។ សម្តេចបញ្ជាក់ថា ស្ថានភាពទីម័រឡេស្តេនៅពេលបច្ចុប្បន្ននេះ គឺស័ក្តិសម នឹងអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិបានហើយ ហើយកម្ពុជា គឺគាំទ្រយ៉ាងពេញទំហឹងតែម្តងចំពោះការបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ានពេញសិទ្ធិ។
ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរគ្នាពីនយោបាយអន្តរជាតិ បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាតំបន់ បញ្ហាមីយ៉ាន់ម៉ានៅក្នុងជំនួបនេះផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន




