លោក ពូទីន ៖ ទំនាក់ទំនងរុស្ស៊ី-ចិនឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានចុះហត្ថលេខាលើឯកសាររួម ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ថា ទំនាក់ទំនងរុស្ស៊ី-ចិនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
លោក ពូទីន បានកត់សម្គាល់ថា ភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន គឺផ្អែកលើគោលការណ៍មិនផ្លាស់ប្តូរនៃសមភាព ជំនួយ និងការគាំទ្រគ្នាទៅវិញទៅមក និង មិត្តភាពដែលមិនអាចបំបែកបានរវាងប្រទេស និងប្រជាជនទាំងពីរ។
មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមដែលលោកប្រធានាធិបតី Xi និង លោកបានអនុម័ត គឺកំណត់គោលដៅប្រកបដោយមហិច្ឆិតា។ គោលដៅមួយក្នុងចំណោមគោលដៅទាំងអស់ គឺធានាឱ្យបាននូវវឌ្ឍនភាពបរិមាណ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរុស្ស៊ី-ចិននៅឆ្នាំ២០៣០។
ពិសេសបង្កើនទំហំ និងកែលម្អរចនាសម្ព័ន្ធនៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈការបង្កើនចំណែកទំនិញបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍវិធីសាស្រ្តច្នៃប្រឌិតថ្មីនៃពាណិជ្ជកម្មឌីជីថល ការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវសម្ភារៈមូលដ្ឋាន ធនធានរ៉ែ និងផលិតផលកសិកម្ម៕
ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា